ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា បានការពារការឆ្លើយតបជាបន្ទាន់របស់ប្រទេសលោកស្រីចំពោះការរញ្ជួយដីពីរលើកដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់ ដោយសន្យាថាប្រទេសនេះ នឹងមិនធ្លាក់ចូលទៅក្នុងភាពចលាចលក្នុងសង្គមឡើយ។

ប្រជាជនវ៉េណេស៊ុយអេឡាជាច្រើនបានសម្តែងការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិកចំពោះគ្រោះមហន្តរាយកាលពីថ្ងៃយប់ថ្ងៃពុធទី២៤ ខែមិថុនា២០២៦ មុនពេលក្រុមអន្តរជាតិទៅដល់។

នៅយប់ថ្ងៃអាទិត្យ៥ កក្កដា ក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះញ្ជួយដីបានកើនឡើងដល់ ៣.៣៤២ នាក់ ខណៈចំនួនអ្នករងរបួសបានកើនដល់ជាង១៦.៧០០នាក់។
ថ្លែងក្នុងពិធីយោធាមួយដើម្បីរំលឹកដល់ទិវាឯករាជ្យរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez បាននិយាយថា នឹងពុំមានភាពចលាចលក្នុងសង្គមនៅទីនេះទេ អ្វីដែលពួកលោកស្រីមាននៅទីនេះ គឺសាមគ្គីភាពសង្គមយ៉ាងជ្រាលជ្រៅ។លោកស្រីបានបន្ថែមថា មន្ត្រីសាធារណៈ និងក្រុមជួយសង្គ្រោះរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅជួយជីកកកាយតាមគំនរកម្ទេចថ្មស្វែងរកជនរងគ្រោះ និងអ្នករស់រានមានជីវិត។
គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតរបស់អាមេរិកឡាទីនមួយនេះ បានវាយប្រហារខ្លាំងបំផុតនៅក្នុងតំបន់ឆ្នេរសមុទ្រ La Guaira ភាគខាងជើងនៃរដ្ឋធានី Caracas ជាកន្លែងដែលអគារលំនៅឋានជាច្រើនដួលរាបដល់ដី។ រយៈពេលជាង១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ក្រុមជួយសង្គ្រោះកំពុងចាប់ផ្តើមបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិត ខណៈក្រុមគ្រួសារនៅតែព្យាយាមតាមរកសាកសពមនុស្សជាទីស្រលាញ់ពីគំនរបាក់បែក៕

