ក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្លាប់ឈ្នះជើងឯក World Cup ចំនួន ៥ លើក ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ខ្សែប្រយុទ្ធ Manchester City, Erling Haaland បានក្លាយជាវីរបុរសរបស់ន័រវែស ដោយរកបាន ២ គ្រាប់នៅវគ្គទី២ បន្ទាប់ពីការប្រកួតស្ងប់ស្ងាត់គ្រាប់បាល់អស់រយៈពេលជាង ៧០ នាទី។
មុនឈានដល់គ្រាប់បើកឆាក ប្រេស៊ីលមានឱកាសនាំមុខមុន ប៉ុន្តែ Bruno Guimaraes បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រខកខាននៅវគ្គទី១ ដែលក្លាយជាចំណុចរបត់សំខាន់នៃការប្រកួត។
នៅនាទីទី៧៩ Haaland បានរត់កាត់ខ្សែការពារកណ្តាល Gabriel ដើម្បីទទួលបាល់បញ្ជូនពី Andreas Schjelderup មុនតែតបញ្ចូលទីជួយឱ្យន័រវែសនាំមុខ ១-០។
លុះដល់នាទីទី៩០ ខ្សែប្រយុទ្ធរបស់ Manchester City រូបនេះបានបន្ថែមគ្រាប់ទី២ តាមរយៈការស៊ុតពីក្រៅតំបន់គ្រោះថ្នាក់ ខណៈអ្នកចាំទីប្រេស៊ីលគ្មានឱកាសសង្គ្រោះ។
នៅម៉ោងបន្ថែម ប្រេស៊ីលទទួលបានបាល់ពិន័យ ១១ ម៉ែត្រមួយគ្រាប់វិញ បន្ទាប់ពីអាជ្ញាកណ្តាល Ismail Elfath វិនិច្ឆ័យថា Leo Ostigard បានប្រើកែងដៃប៉ះ Casemiro ក្នុងប្រអប់គ្រោះថ្នាក់។ Neymar មិនធ្វើឱ្យមានកំហុសឡើយ ដោយស៊ុតសម្រេចគ្រាប់បាននេះ តែហួសពេលទៅហើយសម្រាប់ប្រេស៊ីល។
លទ្ធផលនេះមានន័យថា ប្រេស៊ីលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup មុនវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០៕ អត្ថបទ៖នាង សុភាវុធ






