ភ្នំពេញ ៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដំឡើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៦ នៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។
មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ AquaSan ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទនភាពដែលការឧបត្ថម្ភគាំទ្រដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ។ បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀតដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៥ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៥៥.០០០នាក់ក្នុងខេត្តចំនួន ១៩ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។ គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរនូវការយកចិត្តទុកដាក់របស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការជួយជ្រោមជ្រែង ផ្គត់ផ្គង់ដល់សុខមាលភាពទូទៅ ជាពិសេសបានផ្តល់ជូននូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យដល់វិទ្យាល័យពេលនេះ។ សុំឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យកចិត្តទុកដាក់ថែទាំថាជារបស់ខ្លួនយើងទាំងអស់គ្នា និងប្រើប្រាស់ប្រកបដោយនិរន្តភាព។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ ៕ អត្ថបទ ៖ រដ្ឋា







