មេបញ្ជាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) បានទៅពិនិត្យមើលកងកម្លាំងដែលដាក់ពង្រាយនៅជុំវិញប្រាសាទ Beaufort នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយសន្យាយ៉ាងម៉ឺងម៉ាត់ជំរុញយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយយោធា បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក លោក Eyal Zamir បានប្រាប់ទាហានក្នុងអំឡុងពេលនោះថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការគំរាមកំហែងចេញពីទឹកដីលីបង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាប្រតិបត្តិការវាយលុក ប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភបំពាន»។

កងកម្លាំងអ៊ីស្រាអែលបានរឹបអូសកាន់កាប់ប្រាសាទសម័យសង្គ្រាមសាសនា និងតំបន់ជុំវិញប្រាសាទថ្មីៗនេះ ដោយផ្តល់ឱ្យយោធានូវមូលដ្ឋានយុទ្ធសាស្ត្រដែលខ្លួនធ្លាប់កាន់កាប់អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ។
អ៊ីស្រាអែលឱ្យដឹងថា ខ្លួនបានរកឃើញបណ្តាញផ្លូវរូងក្រោមដី នៅក្រោមប្រាសាទនេះ ដោយបញ្ជាក់ថា វាត្រូវបានសាងសង់ឡើង ដើម្បីឱ្យយុទ្ធជនរបស់ក្រុមសកម្មប្រយុទ្ធលីបង់ គឺហេសបូឡា មាននូវមជ្ឈមណ្ឌលវាយប្រហារដែលមានកំពែងរឹងមាំ ត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទឹកដីអ៊ីស្រាអែល។
ដោយសំដៅទៅលើកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិកថ្មីៗនេះ រវាងអ៊ីស្រាអែល និងលីបង់ ដែលមានបំណងបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ លោក Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «សកម្មភាពកងទ័ពរបស់យើងនៅតំបន់ Beaufort Ridge និងទូទាំងភាគខាងត្បូងលីបង់ កំពុងត្រូវបានអនុវត្តស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងយន្តការដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ»៕

