អភិបាលយោធាជាន់ខ្ពស់របស់រដ្ឋធានី បានប្រាប់ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហារលើកទី២ របស់រុស្ស៊ី លើទីក្រុងគីវ ដែលវាកើតឡើងក្នុងរង្វង់រយៈពេល ១សប្តាហ៍។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងរូបនោះ គឺលោក Timur Tkachenko បានឱ្យដឹងបន្ថែមទៀតថា មនុស្ស ៤៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានទាំងកុមារ ៥នាក់ផងដែរ។ លោក Tkachenko បានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្តនៅទីតាំងជាង ២០កន្លែង ដោយបញ្ជាក់ថា អគារលំនៅឋានខ្ពស់ៗ ត្រូវបានវាយប្រហារនៅក្នុងតំបន់ចំនួន២។
ការវាយប្រហារទាំងនេះបានកើតឡើងនៅមុនថ្ងៃមានកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅប្រទេសទួរគី ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

ប៉ុន្មានម៉ោងមុនមានការវាយប្រហារចុងក្រោយបំផុតនេះ លោក Zelenskyy បានព្រមានថា ទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារដ៏ធំ» លើកទី២ លើទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក បានសម្លាប់មនុស្ស ៣០នាក់។
អភិបាលក្រុង លោក Vitaly Klitschko បាននិយាយថា មីស៊ីលបាលីស្ទិករបស់រុស្ស៊ី បានវាយប្រហារចំអគារជាច្រើនខ្នង នៅទូទាំងទីក្រុង ដោយបន្ថែមថា អគ្គិភ័យបានឆាបឆេះឡើងនៅក្នុងអគារផ្ទះល្វែងមួយចំនួន។
រូបថតពីទីក្រុងគីវ បង្ហាញពីកម្ទេចកម្ទីដែលកំពុងមានភ្លើងឆេះ និងរថយន្តត្រូវបានឆេះខ្ទេចខ្ទី ពាសពេញទីក្រុង។ វីដេអូក៏បង្ហាញពីក្រុមជួយសង្គ្រោះបន្តរុករកកម្ទេចកម្ទីនៅព្រឹកថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕


