ប្រព័ន្ធផ្សព្វផ្សាយ NBC News បានឱ្យដឹងកាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦)ថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ បានបាត់បង់ជីវិត អំឡុងរលកកម្ដៅរយៈពេល ១សប្តាហ៍ នៅសហរដ្ឋអាមេរិក ខណៈដែលមនុស្ស ៤០លាននាក់ នៅតែស្ថិតនៅក្រោមការព្រមាន អំពីកម្ដៅ នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត ភាគអាគ្នេយ៍ និងភាគនិរតី។
យោងតាមមន្ត្រីរដ្ឋ និងមូលដ្ឋាន បានឱ្យដឹងថា រដ្ឋ New Jersey បានរាយការណ៍ពីការស្លាប់ដែលសង្ស័យថា ទាក់ទងនឹងកម្ដៅចំនួន ២២នាក់ ខណៈដែលមានការរាយការណ៍នៃការស្លាប់មា្នក់ពីរដ្ឋ Illinois និង ២នាក់ពីរដ្ឋ Mississippi។
សេវាអាកាសធាតុជាតិ (NWS) បានព្រមានថា ព្យុះផ្គររន្ទះ អាចនាំមកនូវខ្យល់ដ៏អាក្រក់ ព្រឹលធ្លាក់ និងទឹកជំនន់ភ្លាមៗ ក្នុងតំបន់ នៅទូទាំងផ្នែកខ្លះនៃតំបន់ឆ្នេរសមុទ្រភាគខាងកើត រហូតដល់ថ្ងៃចន្ទនេះ។ ការព្រមានអំពីទឹកជំនន់ នៅតែមានប្រសិទ្ធភាព សម្រាប់មនុស្ស ៣៤លាននាក់ ចាប់ពីរដ្ឋ Delaware ដល់រដ្ឋ Connecticut ក៏ដូចជាទីក្រុង New York ផងដែរ។
NWS បានបន្ថែមថា ការជូនដំណឹងអំពីកម្ដៅ នឹងបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត ដោយសន្ទស្សន៍កម្ដៅ ត្រូវបានគេរំពឹងថា នឹងឡើងដល់ចន្លោះពី ៣៧អង្សាសេ និង ៤០,៥អង្សាសេ នៅក្នុងទីក្រុង Philadelphia, Washington DC, Baltimore, Raleigh, Charleston, South Carolina និង Jacksonville រដ្ឋ Florida។
ការតាមដានកម្ដៅក្ដៅខ្លាំង ត្រូវបានចេញ សម្រាប់តំបន់មួយចំនួននៃរដ្ឋ California និង Arizona រួមទាំង Phoenix និង Tucson ផងដែរ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាពខ្ពស់បំផុតនាពេលថ្ងៃ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤៥,៥អង្សាសេ៕


