ក្រុមមន្រ្តីនិយាយថា ជនមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោច ៨នាក់ រួមទាំងក្មេងៗផងដែរនោះ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសនាថ្ងៃចន្ទនេះ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យកើតមានបំណាក់ដីជាច្រើនកន្លែងនៅជំរំជនភៀសខ្លួន ស្ថិតនៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ។
បំណាក់ដីលើកនេះ បានវាយប្រហារជំរំ ៤ទីតាំង កប់ពន្លិចជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យនៅក្រោមគំនរភក់ និងកម្ទេចកម្ទី ខណៈពេលអ្នកស្រុកកំពុងដេកលង់លក់ ។
ការស្លាប់មនុស្សនេះដែរ បានកើតមានឡើង ស្របពេលកើតមានការប្រយុទ្ធថ្មីនៅក្នុងរដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា បង្កឲ្យកើតមានក្តីបារម្ភថ្មីពីលំហូរចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅទូទាំងតំបន់ព្រំដែន ។
អាជ្ញាធរបង់ក្លាដែស បានបង្កើនការតាមដាននៅតាមព្រំដែន ខណៈមានសេចក្តីរាយការណ៍ថា មនុស្សបានជួបជុំគ្នានៅតាមព្រំដែន ដើម្បីព្យាយាមចូលក្នុងប្រទេសបង់ក្លាដែស ។
សូមបញ្ជាក់ថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងជាង ១,២លាននាក់ កំពុងរស់នៅក្នុងជំរំផ្ទុកមនុស្សលើសចំណុះនៅទីក្រុង Cox’s Bazar ដែលជាជំរំជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក ក្រោយរត់ភៀសខ្លួនពីការបង្ក្រាបយ៉ាងចាស់ដៃកាលពីឆ្នាំ ២០១៧ នៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាដែលភាគច្រើនជាពុទ្ធបរិស័ទ ជាទីដែលពួកគេរងការចោទប្រកាន់ថា ជាអ្នកក្រៅ ។
គ្រួសារភាគច្រើនរស់នៅក្នុងជម្រកធ្វើពីឫស្សី និងថង់ប្លាស្ទិក នៅតាមជំរាលភ្នំ ជើងភ្នំកាប់ឆ្កាព្រៃឈើដែលងាយរងគ្រោះខ្លាំងពីបំណាក់ដី អំឡុងរដូវវស្សា ៕

