ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និងនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lawrence Wong បានជួបពិភាក្សាការងារនៅថ្ងៃចន្ទនេះ ហើយនិងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នៅលើវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការទំនាក់ទំនង ។
មេដឹកនាំទាំង ២ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៦ និងអនុស្សរណៈយោគយល់ រួមមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលចំនួន ១៨ និងកិច្ចព្រមព្រៀងរវាងធុរកិច្ច និងធុរកិច្ចចំនួន ៨ ។
លោក Prabowo និយាយថា លទ្ធផលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការធំទូលាយ និងស៊ីជម្រៅកើនឡើងរវាងឥណ្ឌូនេស៊ី និងសិង្ហបុរី ។
លោកបន្តថា ពួកយើងសហការទំនាក់ទំនងរបស់ពួកយើងលើគ្រប់វិស័យ ហើយពួកយើងមើលឃើញការបង្កើននៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការទំនាក់ទំនង ស្ទើតែគ្រប់វិស័យទាំងអស់ ។
ខណៈពេលនោះដែរ លោក Lawrence និយាយថា ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន ពួកយើងបានប្តេជ្ញាចិត្តផងដែរចំពោះការពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកយើង ដើម្បីឲ្យប្រទេសរបស់ពួកយើងអាចគាំទ្រគ្នាល្អប្រសើរជាងនេះ ពេលដែលពួកយើងត្រៀមខ្លួនចំពោះរាល់បញ្ហាដែលកើតឡើងដោយមិនបានស្មានដល់ ៕

