ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ឡើងវិញ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។ តាមរយៈការសិក្សាវាយតម្លៃក៏បានបញ្ជាក់ផងដែរថា កំណាត់ខ្សែផ្លូវនេះនឹងផ្តល់អត្រាផលចំណេញ ផ្នែកសេដ្ឋកិច្ច (EIRR) រហូតដល់ ១៥,២៧% ដែលបង្ហាញពីការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការសាងសង់និងពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះ បានប្រែក្លាយទៅជា ខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម នៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ហើយ កំណាត់ផ្លូវជាតិនេះ ក៏បានរួមចំណែក ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត ផងដែរ។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កំណាត់ផ្លូវជាតិ លេខ ៧នេះ ត្រូវបានពង្រីកស្តារឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិនតាមរយៈសម្បទានហិរញ្ញប្បទានហើយ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានជួយដល់ប្រទេសកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ជាង ៤ពាន់គីឡូម៉ែត្រ និងសាងសង់ស្ពានធំៗចំនួន ជាង ១០ គិតមកដល់ពេលនេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ មានប្រវែងជាង ៤៥គីឡូម៉ែត្រ (៤៥,៤៨៥ គីឡូម៉ែត្រ) ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូល គល់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (គីហ្សូណា) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាសបេតុងកៅស៊ូ ដែលមានគន្លងផ្លូវធ្វើចរាចរណ៍ ៤ គន្លង (២គន្លងទៅ និង២គន្លងមក)។
ការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ប្រើប្រាស់រយៈពេល ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺ សាងសង់រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ធូ វិរៈ









