ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែបម្រើអ៊ីតាលី Sandro Tonali ពី Newcastle United ក្នុងតម្លៃផ្ទេរដែលអាចកើនដល់ ១០០ លានផោន ហើយនឹងក្លាយជាកំណត់ត្រាថ្មីថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
Tonali វ័យ ២៦ ឆ្នាំ បានចំណាយពេល ៣ រដូវកាលជាមួយ Newcastle មុនសម្រេចផ្លាស់មកកាន់ទីក្រុងឡុងដ៍។ ដំបូង Spurs បានដាក់សំណើប្រមាណ ៨០ លានផោន ប៉ុន្តែត្រូវ Newcastle បដិសេធ។ ក្រោយការចរចា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែល Tottenham នឹងបង់ប្រាក់ដំបូង ៩២.៥ លានផោន បូករួមប្រាក់លើកទឹកចិត្តផ្សេងៗរហូតដល់ ៧.៥ លានផោន។
ការមកដល់របស់ Tonali គឺជាការចំណាយធំមួយទៀតរបស់ Spurs បន្ទាប់ពីក្លិបទើបតែនាំយក Mateus Fernandes ពី West Ham United ក្នុងតម្លៃ ៨៥ លានផោន។
គួររំលឹកថា Tonali បានផ្ទេរពី AC Milan មក Newcastle កាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងតម្លៃ ៥៥ លានផោន។ ប៉ុន្តែមិនយូរប៉ុន្មាន គេត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ពិន័យហាមប្រកួតរយៈពេល ១០ ខែ ពាក់ព័ន្ធនឹងការបំពានច្បាប់ភ្នាល់កីឡា។
បន្ទាប់ពីវិលត្រឡប់មកវិញ Tonali បានបង្ហាញទម្រង់លេងយ៉ាងល្អ និងក្លាយជាកីឡាករស្នូលរបស់ Newcastle ជួយក្លិបឈ្នះពាន Carabao Cup ឆ្នាំ២០២៥ ដែលជាពានរង្វាន់ធំលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៧០ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
