នាយករដ្ឋមន្ត្រីន័រវ៉ែស លោក Jonas Gahr Stoere បាននិយាយកាលពីថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ថា ប្រទេសរបស់លោកចង់ឱ្យចិនប្រើប្រាស់ចំណងទាក់ទងរបស់ខ្លួនជាមួយថ្នាក់ដឹកនាំរុស្ស៊ី ដើម្បីជួយនាំឱ្យមាននូវដំណោះស្រាយដែលទទួលយកបានពីភាគីទាំង២ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់ជាប្រយោជន៍នៃទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយតំបន់អឺរ៉ុបផងដែរ។
បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង Oslo លោក Stoere បានប្រាប់អ្នកសារព័ត៌មានថា៖ «ចិនទំនងគឺជាប្រទេសដែលមានលទ្ធភាទាក់ទងថ្នាក់ដឹកនាំរុស្ស៊ីបានល្អបំផុត និងដោយផ្ទាល់បំផុត។ យើងរំពឹង សង្ឃឹម និងជំរុញយ៉ាងខ្លាំងឱ្យប្រទេសចិនប្រើប្រាស់បណ្តាញនោះ»។ លោកបានបញ្ជាក់ថា ការពិភាក្សារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានផ្ដោតខ្លាំងបំផុត លើបញ្ហាអ៊ុយក្រែន។
លោក Stoere បានបន្ថែមថា៖ «មានសក្តានុពល ចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងអឺរ៉ុប និងចិន ប៉ុន្តែដរាបណាសង្គ្រាមនេះ នៅតែបន្ត ហើយប្រទេសចិនគឺជាដៃគូជិតស្និទ្ធរបស់រុស្ស៊ី ឱកាសនោះមានកម្រិតមិនទូលំទូលាយឡើយ»។
លោក Wang កំពុងបំពេញទស្សនកិច្ចនៅប្រទេសន័រវ៉ែស បន្ទាប់ពីបញ្ចប់ការឈប់សំចត នៅដាណឺម៉ាក ស៊ុយអែត និងហ្វាំងឡង់៕

