លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រសួងការបរទេស បានប្រាប់សារព័ត៌មាន TASSថាការវាយប្រហារកំណត់គោលដៅទៅលើមណ្ឌលសុខភាព និងការវាយប្រហារលើជីវិតរបស់បុគ្គលិកពេទ្យ និងអ្នកជំងឺ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ។
លោក Miroshnik បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា៖«ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក មណ្ឌលសុខភាព និងយានយន្តអនាម័យ ត្រូវបានវាយប្រហារដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់ Zaporozhye និង Kherson ក៏ដូចជានៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk»។
លោកបានសង្កត់ធ្ងន់ថា៖«ក្រុមអ្នកគាំទ្រជាតិនិយម បានមិនអើពើនឹងបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិដោយបើកចំហ ហើយបានធ្វើការវាយប្រហារដោយចេតនាជាបន្តបន្ទាប់ទៅលើមណ្ឌលសុខភាព និងការប៉ុនប៉ងប្រឆាំងនឹងជីវិតរបស់ទាំងគ្រូពេទ្យ និងអ្នកជំងឺ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ»។
អ្នកការទូតរូបនេះ បានកត់សម្គាល់ថា សមាជិកក្រុមរថយន្តសង្គ្រោះបន្ទាន់ចំនួនបីនាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនលើរថយន្តរបស់ពួកគេ នៅក្នុងទីក្រុង Gorlovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk។ ការវាយប្រហារស្រដៀងគ្នានេះ បានធ្វើឲ្យសមាជិកក្រុមរថយន្តសង្គ្រោះបន្ទាន់ពីរនាក់ រងរបួស នៅក្នុងតំបន់ Zaporozhye។ មណ្ឌលសុខភាពជនបទមួយ ត្រូវបានខូចខាតនៅក្នុងភូមិ Semyonovka ក្នុងតំបន់ Kherson។ លើសពីនេះ ការវាយប្រហារដោយយានដ្រូនបានបំផ្លាញដំបូលមន្ទីរពេទ្យមួយ នៅក្នុងសង្កាត់ Kievsky នៃទីក្រុង Donetsk៕

