សមត្ថភាពរបស់ប្រទេសអ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី បានចុះខ្សោយខ្លាំងទៅៗ អំឡុងការវាយប្រហារទ្រង់ទ្រាយធំថ្មីៗនេះ ជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងគីវកំពុងខ្វះខាតប្រព័ន្ធស្ទាក់ចាប់ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ដើម្បីការពារការវាយប្រហារ។
យោងតាមការសរុបរបស់កងទ័ពអាកាសអ៊ុយក្រែនដែលបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ Telegram អ៊ុយក្រែនបានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលបាលីស្ទិកប្រភេទ Iskander-M ចំនួន ២៣គ្រាប់ ឬមីស៊ីលល្បឿនលឿន Zircon និង Oniks ៦គ្រាប់ដែលបាញ់ដោយរុស្ស៊ី អំឡុងការវាយប្រហារ នាពេលយប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា។
ពីមុន អ៊ុយក្រែនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិកបានប្រហែល ១ភាគ៣ នៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយជួនកាលថែមទាំងច្រើនជាងនេះទៀតផង។ តែប្រសិទ្ធភាពចុះខ្សោយនេះ បានលេចឡើង នៅពេលដែលអគ្គលេខាធិការអង្គការអង្គការណាតូ (NATO) លោក Mark Rutte បានព្រមានកាលពីថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ថា សម្ព័ន្ធមិត្តមិនអាចផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់បានរហូតនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តឱ្យបំពេញបន្ថែមស្តុកគ្រាប់រំសេវនៃប្រព័ន្ធ Patriot ដើម្បីជួយការពារទីក្រុងគីវ និងទីក្រុងដទៃទៀតពីការវាយប្រហារ។
ការវាយប្រហារធម្មតាស្រោចពីលើអាកាសរបស់រុស្ស៊ី រួមបញ្ចូលគ្នានូវយានដ្រូនវាយប្រហាររាប់រយគ្រឿងជាមួយនឹងមីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទិករាប់សិបគ្រាប់។ បើទោះបីជាអ៊ុយក្រែនមានប្រសិទ្ធភាពខ្ពស់ ក្នុងការស្ទាក់ចាប់យានដ្រូនប្រភេទ Shahed និងមីស៊ីលល្បឿនយឺតក៏ដោយ ក៏មីស៊ីលបាលីស្ទិកនៅតែជាបញ្ហាប្រឈមដ៏ធំមួយ ដោយសារតែល្បឿនលឿន និងគន្លងរបស់វា៕


