នាថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានស្វាគមន៍សមភាគីអាមេរិករបស់លោក គឺលោក Donald Trump នៅក្នុងរដ្ឋធានី Ankara ខណៈដែលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) រយៈពេល ២ថ្ងៃ បានចាប់ផ្តើម។
លោក Erdogan បានស្វាគមន៍លោក Trump ដោយផ្ទាល់ នៅពេលលោកធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Esenboga។
ពិធីស្វាគមន៍ជាផ្លូវការ នឹងត្រូវធ្វើឡើង នាពេលបន្ទាប់ នៅឯវិមានប្រធានាធិបតី ហើយបន្ទាប់ពីនោះ មេដឹកនាំទាំង២ នឹងធ្វើកិច្ចពិភាក្សាទ្វេភាគី និងកិច្ចប្រជុំកម្រិតគណៈប្រតិភូ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។ ពួកលោកក៏ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។
គួរបញ្ជាក់ថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃអង្គការណាតូ ក៏ដូចជាមេដឹកនាំមកពីប្រទេសដៃគូសំខាន់ៗ កំពុងជួបប្រជុំគ្នា នៅទីក្រុង Ankara សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៦ របស់សម្ព័ន្ធភាពនេះ។ កិដ្ចប្រជុំនេះនឹងផ្តោតលើការអនុវត្តការប្តេជ្ញាចិត្ត ចំពោះការចំណាយលើវិស័យការពារជាតិ ដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន នៅទីក្រុងឡាអេ ប្រទេសហូឡង់ ការបន្តការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ៕