ដំណើរចុះមូលដ្ឋានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តរតនគិរី ។
ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី ប្រមាណ៨០០នាក់ នៅទីរួមខេត្តរតនគិរី។
បើតាម ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៥៨៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា និងរចនាសម្ព័ន្ធដែន ដី ចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ ប្រជាជនសរុបចំនួន ២៣៥,៨៣០នាក់ គ្រួសារសរុបចំនួន ៥៨,៦៨៨គ្រួសារ ទំហំគ្រួសារជាមធ្យម ៤នាក់/គ្រួសារ និងដង់ស៊ីតេ ២២នាក់/ គម។ ខេត្តមាន ជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ពៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់ ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ ៥៦.០២% នៃប្រជាជនសរុបទូទាំងខេត្ត។ ខេត្តមានព្រំប្រទល់ខាងលិចជាប់នឹងខេត្ត ស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តហ្សាឡាយ និងខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលប្រវែងប្រហែលប្រមាណ ២២១ គ.ម ខាងជើងជាប់នឹងខេត្តអត្តពី នៃសាធារ ណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ មានប្រវែងប្រហែលប្រមាណ ១៧០គ.ម និងខាង ត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ៨៣,៥០% របរធ្វើ សិប្បកម្ម ០.៤០% របរសេវាកម្ម១៦.១%។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤លានដុល្លា គិតត្រឹមឆ្នាំ២០២៥ កំណើន៥.៣% និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ២០២៥។ ខេត្ត មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ខេត្តមានទន្លេពីរហូរកាត់ គឺទន្លេសេសាន និងទន្លេស្រែពក។
អភិបាលខេត្តរតនគិរីបានបន្តថា ដោយឡែកតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុមការងារបានកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅ ក្នុងខេត្ត និងប្រែក្លាយក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការ ឡើងវិញជាមួយនឹងលក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។
ជារួមគិត ត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្ត មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុង នោះ៖ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ ផ្លែឈើចំនួន១ នឹង កែច្នៃ ដំឡូងមីចំនួន១ និងមានកម្មករ សរុបចំនួន១,៧៦៥នាក់។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២មូលដ្ឋាន និងមានកម្មករចំនួន ១,៩៣៩នាក់ ស្រី ៣៥០នាក់។
ទន្ទឹមគ្នានេះនៅក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជា ឧស្សាហ- កម្មរ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។ ក្រុមការងារជំរុញការវិនិយោគ ភូមិភាគឦសាន បានទទួលសំណើគម្រោង ចំនួន១១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារ ផ្តល់ឱកាសការងារជាង ៨,០០០កន្លែង។
សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តរតនគិរីនេះ ជាជំនួបទី១៨ និងជាខេត្តទី២១ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕



















