មីយ៉ាន់ម៉ា៖ សម្ពាធពីអន្តរជាតិកាន់តែខ្លាំង បានធ្លាក់លើរបបដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដែលបាននាំឲ្យផ្ទុះបាតុកម្មស្ទើរទូទាំងប្រទេស ជាពិសេសនៅទីក្រុងយ៉ាងហ្គោន។
កាលពីថ្ងៃសៅរ៍ម្សិលមិញ បាតុករម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខបាញ់សម្លាប់ នៅក្នុងការបង្ក្រាបមួយធ្វើឡើងក្នុងទីក្រុងយ៉ាងហ្គោន។ សារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា បានរាយការណ៍ឲ្យដឹងថា មនុស្សសរុប ២៣៨នាក់ហើយបានស្លាប់គិតចាប់តាំងពីរដ្ឋប្រហារ និងបាតុកម្មផ្ទុះឡើង ខណៈសារព័ត៌មានបរទេសមួយចំនួនវិញបានចុះផ្សាយថា ចំនួនមនុស្សស្លាប់មានជិត ២០០នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា បណ្ដាប្រទេសអាស៊ីមួយចំនួនបានចាប់ផ្ដើមដើរតាមលោកខាងលិច ដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាទៅលើក្រុមបាតុករ ជាពិសេសនៅក្នុងទីក្រុងយ៉ាងហ្គោន និងទីក្រុងម៉ាន់ដាឡេ ដែលសុទ្ធតែជាទីក្រុងមានប្រជាជន រស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសអាស៊ានមួយនេះ។

នៅថ្ងៃសៅរ៍សប្ដាហ៍នេះដែរ នាយករដ្ឋមន្ត្រីម៉ាស៊ីឡេស៊ីបានប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះការអំពាវនាវរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ឲ្យរៀបចំកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់មួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានថ្លែងថា ស្ថានការណ៍ដ៏អាក្រក់បែបនេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយបានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ផ្លាស់ប្ដូរទិសដៅរបស់ខ្លួន និងជ្រើសរើសផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។ ខណៈពេលនោះដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថ្កោលទោស ចំពោះអ្វីដែលលោកផ្ទាល់បានមើលឃើញថា ជាការបន្តប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ដោយយោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករ៕
អត្ថបទ៖ សារ៉ាត់