ក្លិបបាល់ទាត់អង់គ្លេស Fulham បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាអ្នកចាត់ការថ្មីរបស់ក្រុមជាផ្លូវការជាមួយនឹងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
អតីតអ្នកចាត់ការ Real Madrid វ័យ ៤៣ ឆ្នាំរូបនេះ បានចូលមកជំនួសតំណែងលោក Marco Silva ដែលបានសម្រេចចិត្តចាកចេញពី Fulham ទៅកាន់ Benfica នៅព័រទុយហ្គាល់។
Arbeloa បានចាកចេញពី Real Madrid នៅចុងរដូវកាលមុន បន្ទាប់ពីដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ក្រោយលោក Xabi Alonso លាលែងពីតំណែងកាលពីខែមករា។ ក្នុងការដឹកនាំ ២៨ ប្រកួតចុងក្រោយនៃរដូវកាល លោកបានជួយ Real Madrid បញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ La Liga ខណៈក្រុមត្រូវធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ក្រោមថ្វីជើង Bayern Munich។
មុនពេលក្លាយជាអ្នកចាត់ការក្រុមធំ Arbeloa បានបំពេញតួនាទីជាគ្រូបង្វឹកក្រុមយុវជនរបស់ Real Madrid និងត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដែលមានសក្តានុពលខ្ពស់។
ជុំវិញការស្វែងរកអ្នកចាត់ការថ្មី Fulham ក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក Thomas Frank អតីតអ្នកចាត់ការរបស់ Tottenham Hotspur និង Brentford ផងដែរ ខណៈលោក Kieran McKenna អតីតអ្នកចាត់ការរបស់ Ipswich Town ត្រូវបានគេចាត់ទុកថាមាជាបេក្ខភាពឈានមុខម្នាក់។
សម្រាប់ការចាប់ផ្តើមការងារនៅ Fulham លោក Arbeloa មានបំណងនាំយកកីឡាករមួយចំនួនដែលលោកធ្លាប់ធ្វើការជាមួយមកពង្រឹងក្រុម រួមមានខ្សែបម្រើប្រយុទ្ធ Franco Mastantuono ខ្សែការពារ Fran García និងខ្សែប្រយុទ្ធ Gonzalo García ដើម្បីបង្កើនកម្លាំងប្រកួតប្រជែងនៅរដូវកាលខាងមុខ៕ អត្ថបទ៖នាង សុភាវុធ
