ចំនួនរថយន្តអគ្គិសនី (EV) ដែលបានចុះបញ្ជីនៅកម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានចំនួនលើសពី ១៤,០០០គ្រឿង កើនឡើងពីប្រមាណ ៩,០០០គ្រឿង កាលពីឆ្នាំ២០២៥។ កំណើននេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយកមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ស្របតាមនិន្នាការអភិវឌ្ឍបៃតង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសារធាណការ និងដឹកជញ្ជូនសរុបបានចំនួន ១៩,០២៩ គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន ៤ ២៣២ គ្រឿង, ត្រីចក្រយានយន្តចំនួន ៧៤១គ្រឿង, និង រថយន្តអគ្គិសនីចំនួន១៤, ០៥៦ គ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រសួងសារធាណការ និងដឹកជញ្ជូន។
ជាកត់សម្គាល់ ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក ព្រមទាំង ស្របទៅនឹងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាត្រីវិស័យ ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ZO Motors (Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយដំឡើងរថយន្តអគ្គិសនី (EV) ប្រភេទដឹកជញ្ជូននៅកម្ពុជា ប្រាប់ BTV ថា ការផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធ និងគោលនយោបាយជំរុញការប្រើប្រាស់យានយន្តអគ្គិនសី បានធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដោយគ្រាន់តែរយៈពេល ២ ឆ្នាំ ក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីកើនឡើងយ៉ាងគំហុករហូតដល់ប្រមាណ ៥០០គ្រឿង ខណៈការអភិវឌ្ឍន៍ស្ថានីយសាកថ្មរបស់ក្រុមហ៊ុន ត្រូវបានពង្រីកជាបន្តបន្ទាប់នៅរាជធានី និងតាមបណ្តាខេត្ត ដែលជួយកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដែលបានកំណត់ការប្រើប្រាស់ ទោចក្រយានយន្តអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០ ក្នុងគោលដៅសម្រេចបានអព្យាក្រឹតកាបូន។នេះបើតាមគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ កាលពីឆ្នាំ២០២៤ កន្លងទៅ៕ អត្ថបទ៖ ធូ វិរៈ

