រាជរដ្ឋាភិបាលត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើត មុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដោយគ្រោងចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងកិច្ច ប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ជាមួយក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និង ជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍ អគ្គិសនី មួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធី អន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា៣កញ្ចប់អន្តរាគមន៍រួមបញ្ចូលវិធានការដែលមានកម្មវិបាកភ្លាមៗ និងវិធានការដែលមានកម្មវិបាក ក្នុងរយៈ ពេលខ្លី និងមធ្យម ។ កញ្ចប់វិធានការ ទី១- ផ្តោតលើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២- ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងកញ្ចប់អន្តរាគមន៍ ទី៣- ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្មនិងការបំប្លែងថាមពល។ កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង, រាជរដ្ឋាភិបាលបាន ព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធដែលរួមមាន៖ ការដាក់ចេញឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើន ពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាឆ្នាំ២០២៥-២០២៨» ដែលជា ចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ សំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្ម សេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្ត ទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន៕អត្ថបទ៖ សុន រ៉ាឌី








