ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ថា អ្នកដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅទីក្រុងដាម៉ាស នឹងត្រូវចាប់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ថ្លែងរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅក្នុងសន្និសីទសារព័ត៌មាន លោកSharaa និយាយថា អ្នកប្រព្រឹត្តកំពុងស្វែងរក «ការបំផ្លិចបំផ្លាញប្រទេស និងមាតុភូមិ»។
គ្រាប់បែកពីរគ្រាប់បានផ្ទុះកាលពីថ្ងៃអង្គារនៅជិតសណ្ឋាគារមួយកន្លែងក្នុងទីក្រុងដាម៉ាស ជាកន្លែងដែលលោក Macron ត្រូវស្នាក់នៅមួយយប់ដែលបានបណ្តាលឲ្យមនុស្ស១៨នាក់រងរបួស និងបានជះស្រមោលលុបលើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសស៊ីរីដោយប្រមុខរដ្ឋសហភាពអឺរ៉ុបចាប់តាំងពីលោក Bashar al-Assad ត្រូវបានផ្តួលរំលំ។
លោក Macron បានគាំទ្រការកសាងឡើងវិញប្រទេសស៊ីរី ដោយនិយាយថា ប្រទេសបារាំង «ជឿជាក់លើអនាគត» របស់ប្រទេសនេះ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ថា ប្រទេសបារាំងកំពុងធ្វើការដើម្បីកំណត់ឡើងវិញនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធារបស់ខ្លួនជាមួយប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងដាម៉ាស ដែលបានបណ្តាលឱ្យមនុស្ស ១៨នាក់រងរបួសនៅជិតសណ្ឋាគាររបស់លោកស្នាក់នៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីស៊ីរី លោក Macron បាននិយាយថា លោកកំពុងគិតអំពីអ្នករងរបួស និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសបារាំងក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់។ លោក Macron និយាយថា «ប្រទេសបារាំងនៅតែប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់»។

