ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងចល័តជំនួយជាមួយដៃគូរបស់ខ្លួន បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងទីក្រុង Am-Dafock សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ជិតព្រំដែនជាមួយប្រទេសស៊ូដង់ដែលកំពុងមានជម្លោះ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា «ប្រជាជនដែលបានជម្លៀសខ្លួនដោយការប្រយុទ្ធគ្នានៅទីនោះត្រូវការការគាំទ្រការពារ ការថែទាំសុខភាព និងការទទួលបានទឹកស្អាតជាបន្ទាន់»។ «ស្ថានភាពសន្តិសុខនៅតែមិនស្ថិតស្ថេរ ដោយមណ្ឌលសុខភាពមានតែមួយគត់របស់ទីក្រុងត្រូវបានគេរាយការណ៍ថាត្រូវបានគេចូលលួចសម្ភារៈ»។
មនុស្សប្រមាណ១ពាន់នាក់ដែលបានជម្លៀសខ្លួនចេញពីភូមិនានាជុំវិញក្រុង Am-Dafock បានស្វែងរកសុវត្ថិភាពនៅក្រុង Birao ដែលបានដាក់សម្ពាធកាន់តែខ្លាំងលើធនធាន ចាប់តាំងពីទីក្រុងនេះកំពុងទទួលជនភៀសខ្លួនប្រហែល២៥.០០០នាក់មកពីប្រទេសស៊ូដង់។
ក្រុមអង្គការមនុស្សធម៌បានដឹកជញ្ជូនក្រណាត់តង់ និងជំនួយសម្រាប់ទីជម្រកផ្សេងៗដល់ក្រុង Am-Dafock ។ រដូវវស្សា បានធ្វើឱ្យផ្លូវធំចូលទៅក្នុងទីក្រុងមិនអាចឆ្លងកាត់បាន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការឆ្លើយតប។ ទំនិញមនុស្សធម៌ប្រហែល២៤តោនកំពុងរង់ចាំការដឹកជញ្ជូន នេះបើយោងតាម អង្គការ OCHA។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា មានការប៉ះទង្គិចគ្នានៅក្នុងក្រុង Am-Dafock រវាងកងកម្លាំងប្រដាប់អាវុធ សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) និងក្រុមប្រដាប់អាវុធ។

