នៅថ្ងៃពុធនេះតម្លៃប្រេងបានហក់ឡើងខ្ពស់ជាង ៥ភាគរយ ខណៈតម្លៃភាគហ៊ុនធ្លាក់ចុះ ធ្វើឲ្យក្រុមវិនិយោគិន គេចវេសពីទ្រព្យសកម្មមានហានិភ័យ ។
វាបានកើតឡើង ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អនុស្សរណៈយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ គឺចប់ហើយ ដោយរូបលោកបន្តថា លោកមិនចង់មានទំនងទំនងជាមួយទីក្រុងតេអេរ៉ង់ទៀតទេ ។

កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ដែលមានការចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន មានបំណងផ្តល់ពេល ៦០ថ្ងៃ សម្រាប់ដំណើរការចរចា ស្ដីពីកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ប៉ុន្តែការចរចាដោយប្រយោល នៅប្រទេសកាតា បានបញ្ចប់ទៅដោយគ្មានសញ្ញាពីការមានវឌ្ឍនភាពឡើយ ហើយយោធាអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ។
តម្លៃប្រេងឆៅ បានហក់ឡើងខ្ពស់នៅថ្ងៃនេះ ចាប់តាំងពីចុងខែឧសភារហូតមក ពោលគឺកើនឡើងចំនួន ៥ភាគរយ ដល់តម្លៃ ៧៨ដុល្លារ ក្នុង ១បារ៉ែល បើទោះបីជាវាស្ថិតនៅក្រោមតម្លៃឡើងខ្ពស់កប់ពពក ១២០ដុល្លារ ក្នុង ១បារ៉ែល អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ។
ខណៈពេលនោះដែរ ភាគហ៊ុនអឺរ៉ុប ស្ថិតលើផ្លូវនៃការធ្លាក់ចុះផងដែរ នៅផ្សារភាគហ៊ុន STOXX 600 ចាប់តំាងពីពាក់កណ្តាលខែមីនា ហើយផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បានធ្លាក់ចុះដូចគ្នា ៕

