វិមានក្រឹមឡាំង និយាយនៅថ្ងៃពុធនេះថា ប្រទេសលីទុយអានី នឹងគ្មានសុវត្ថិភាពនោះទេ បើសិនជាពួកគេបន្តគំនិតដកចេញបំរាមលើការទទួលអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ពួកគេ គឺជាអ្វីមួយដែលប្រទេសហ្វាំងឡង់មានគម្រោងធ្វើបែបហ្នឹងផងដែរ ។
ហ្វាំងឡង់ដែលមានព្រំដែនប្រវែង ១.៣៤០គ.មជាមួយរុស្ស៊ី និយាយកាលពីខែមីនាថា ពួកគេនឹងធ្វើវិសោធនកម្មច្បាប់នុយក្លេអ៊ែរសម័យសង្គ្រាមត្រជាក់ ឲ្យស្របតាមប្រទេសជិតខាងនៅអឺរ៉ុបខាងជើង នៅក្នុងចំណាត់ការមួយដែលអាចបើកទ្វារ សម្រាប់ការដាក់ពង្រាយគ្រាប់បែកអាតូមិកលើទឹកដីហ្វាំងឡង់ អំឡុងពេលសង្រ្គាម ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងដឹងថា ហ្វាំងឡង់បានសម្រេចចិត្តស្រដៀងគ្នា ហើយលោកប្រាកដណាស់ថា រដ្ឋតំបន់បាល់ទិក បច្ចុប្បន្ននឹងព្យាយាមធ្វើតាម និងធ្វើការសម្រេចចិត្តតែមួយ ។
លោកបន្តថា តែផ្ទុយទៅវិញទេ វានឹងមិនធ្វើឲ្យពួកគេមានសុវត្ថិភាពនោះឡើយ វានឹងបង្កើនគ្រោះថ្នាក់សម្រាប់ពួកគេ ពីព្រោះថា ពួកយើងនឹងចាត់វិធានការតបត ប្រឆាំងនឹងពួកគេ ដើម្បីធានាផលប្រយោជន៍របស់ពួកយើង ៕