មេបញ្ជាការកងកម្លាំងយានដ្រូនទីក្រុងគីវ អះអាងនៅថ្ងៃពុធនេះថា យានដ្រូនអ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី នៅក្នុងសមុទ្រ Azov ។
លោក Robert Brovdi គឺជាមេបញ្ជាការកងកម្លាំងយានដ្រូនអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម Telegram ឃើញការវាយប្រហារលើនាវាដឹកប្រេង ៩គ្រឿងនៅក្នុងសមុទ្រ Azov ។ ទីតាំង និងកាលបរិច្ឆេតពេលវីដេអូថត ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយ ។
លោក Brovdi បន្តថា ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ នាវាដឹកប្រេងសរុប ១៩គ្រឿង រងការវាយប្រហារ ស្របពេលដែលអ៊ុយក្រែនបង្កើនកិច្ចខិតខំ ដើម្បីធ្វើឲ្យតំបន់គ្រីមៀ ឯកា ។
ខណៈពេលនោះដែរ វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថា ទួរគី និងប្រទេសផ្សេងទៀត អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់អ៊ុយក្រែន ពីការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអន្តរជាតិ ក្រោយទីក្រុងមូស្គូរាយការណ៍ពីការវាយប្រហារលើស្ថានីបង្ហូរឧស្ម័ន ។
លោក Peskov បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរ ចំពោះការវាយប្រហារយានដ្រូនលើនាវាដឹកប្រេង Yasa Polaris របស់ក្រុមហ៊ុន Chevron ដែលត្រូវបានប្រើប្រាស់សម្រាប់បំពង់បង្ហូរប្រេង Caspian Pipeline Consortium ស្ថិតនៅជិតតំបន់ឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី ៕