កូវ៉ែត បារ៉ែន និងកាតា បានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីមីស៊ីលនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កក្កដានេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមអាកាសជុំថ្មីលើអ៊ីរ៉ង់ ដែលបង្កើនការភ័យខ្លាចថាសង្គ្រាមអាចផ្ទុះឡើងម្តងទៀត។ពុំមានប្រកាសអំពីការខូចខាតភ្លាមៗនៅក្នុងបណ្ដាប្រទេសអារ៉ាប់ឈូងសមុទ្រទាំងបីនោះទេ ខណៈយោធាកូវ៉ែតបាននិយាយថា ខ្លួនកំពុងស្ទាក់ចាប់យានដ្រូន និងមីស៊ីល ដែលហោះចូលទៅក្នុងទឹកដីរបស់ខ្លួនយ៉ាងសកម្ម។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយយាថា ខ្លួនបានដាក់គោលដៅ៨៥កន្លែងលើមូលដ្ឋានយោធាអាមេរិក នៅបារ៉ែន និងកូរ៉ែត ដោយមីស៊ីលនិងយានដ្រូន។
ការកើនឡើងចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើបារ៉ែន និងកូវ៉ែតកាលពីថ្ងៃពុធ ក្រោយអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មីក្នុងថ្ងៃពុធដដែល ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Donald Trump និយាយថា ការវាយប្រហារថ្មីៗរបស់អ៊ីរ៉ង់លើនាវានៅច្រកសមុទ្រហ័រមូសបានបង្ហាញពីចុងបញ្ចប់នៃបទឈប់បាញ់ដ៏ផុយស្រួយ។

ការប្រយុទ្ធគ្នាឡើងវិញបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីយោធាអាមេរិកបានវាយប្រហារទីតាំងយោធា និងកំពង់ផែជាច្រើនកន្លែងទូទាំងប្រទេស បន្ទាប់ពីអ៊ីរ៉ង់កំណត់គោលដៅលើនាវាពាណិជ្ជកម្មជាច្រើនគ្រឿងនៅឆ្នេរសមុទ្រអូម៉ង់។មន្ត្រីយោធាបាននិយាយក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា ការវាយប្រហារចុងក្រោយបំផុតនេះមានបំណងធ្វើឱ្យចុះខ្សោយបន្ថែមទៀតលើសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រនេះ ដោយតាមរយៈផ្លូវនោះ ប្រេង និងឧស្ម័នធម្មជាតិមួយភាគប្រាំដែលបានជួញដូរនៅលើពិភពលោកបានឆ្លងកាត់មុនពេលសង្គ្រាមចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅកន្លែងជាច្រើន រួមទាំងទីក្រុង Bushehr ដែលជាទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទីក្រុងកំពង់ផែភាគខាងត្បូង Chabahar, Konarak, Bandar Abbas និងទីក្រុង Sirik៕