ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea ក្នុងការផ្ទេរខ្សែបម្រើជនជាតិប្រេស៊ីល Andrey Santos ក្នុងតម្លៃសរុប ៥០ លានផោន។
ប្រភពព័ត៌មានបានឱ្យដឹងថា ការចរចាបានដំណើរការយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ បន្ទាប់ពី United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះកាលពីចុងសប្តាហ៍កន្លងទៅ។
តាមកិច្ចព្រមព្រៀង Manchester United នឹងបង់ប្រាក់ដំបូងចំនួន ៤៨ លានផោន ខណៈ Chelsea នឹងទទួលបានបន្ថែម ២ លានផោនទៀត តាមរយៈលក្ខខណ្ឌប្រាក់រង្វាន់ដែលអាចសម្រេចបាន។ លើសពីនេះ Chelsea ក៏បានដាក់បញ្ចូលលក្ខខណ្ឌទទួលបាន ១០% ពីតម្លៃផ្ទេរលើកក្រោយ ប្រសិនបើ Santos ត្រូវបានលក់ទៅក្លិបផ្សេង។
Santos ត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តសុខភាពរួចរាល់ ខណៈមិត្តរួមសញ្ជាតិប្រេស៊ីល Ederson ក៏គ្រោងនឹងឆ្លងកាត់ការពិនិត្យសុខភាពផងដែរ មុនបញ្ចប់ការផ្ទេរពី Atalanta មកកាន់ Old Trafford ក្នុងតម្លៃ ៣៥ លានផោន បន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីលធ្លាក់ចេញពីការប្រកួត World Cup។
ការមកដល់របស់ Santos ត្រូវបានចាត់ទុកថាជាការដោះស្រាយបញ្ហាសំខាន់មួយរបស់ Manchester United ខណៈកីឡាករជើងចាស់ Casemiro បានចាកចេញពីក្លិបក្រោយផុតកិច្ចសន្យា ហើយ Manuel Ugarte ដែលគ្រោងលក់ចេញ ក៏រងរបួសដាច់សរសៃចងជង្គង់ធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលរយៈពេលយូរ។
ការផ្ទេររបស់ Andrey Santos ក៏នឹងក្លាយជាកីឡាករចាកចេញទីបីរបស់ Chelsea នៅរដូវក្តៅនេះ បន្ទាប់ពី Marc Cucurella ផ្ទេរទៅ Real Madrid និង Tyrique George ចូលរួមជាមួយ Everton៕ អត្ថបទ៖នាង សុភាវុធ

