វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Andy Murray បានបង្ហាញពីការមិនគាំទ្រដែល Grand Slam, Wimbledon មិនអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីមកពីរុស្ស៊ី និងបេឡារុសចូលរួមការប្រកួត។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបាននិយាយថា វាគ្មានប្រយោជន៍ និងមិនចាំបាច់ឡើយដែលហាមឃាត់ពួកគេមិនឱ្យប្រកួត។
ចំណែកកីឡាករអេស្ប៉ាញ Rafael Nadal ក៏បានលើកឡើងដែរថា វាជារឿងអយុត្តិធម៌សម្រាប់អត្តពលិកដែលពួកគេគ្មានកំហុសសោះ។ អត្តពលិករុស្ស៊ី និងបេឡារុសមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវាយកូនបាល់ Grand Slam, Wimbledon ឡើយដោយសារតែសង្គ្រាមរុស្ស៊ីមកលើអ៊ុយក្រែន។ កីឡាករលំដាប់លេខ ២ ពិភពលោករុស្ស៊ី Daniil Medvedev និងកីឡាករលំដាប់លេខ ៤ ពិភពលោក Aryna Sabalenka សញ្ជាតិបេឡារុសនឹងមិនមានវត្តមានឡើយ បូករួមទាំងកីឡាករ-កីឡាការិនីលំដាប់ទាបជាច្រើននាក់ទៀត។
កីឡាការិនីរុស្ស៊ីលំដាប់លេខ ១៥ ពិភពលោក Anastasia Pavlyuchenkova ដែលធ្លាប់និយាយជាសាធារណៈពីការអំពាវនាវឱ្យបញ្ចប់សង្គ្រាម ក៏ដូចជាកីឡាការិនីលំដាប់លេខ ១៨ សញ្ជាតិបេឡារុស Victoria Azarenka ក៏នឹងអវត្តមានផងដែររួមជាមួយកីឡាកររុស្ស៊ី Ruben Rublev លំដាប់លេខ ៨ និង Karen Khachanov លំដាប់លេខ ២៦។ ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១០ ខែកក្កដា។ យ៉ាងណាក្តីព្រឹត្តិការណ៍ Grand Slam, French Open ដែលនឹងចាប់ផ្តើមមុននៅខែឧសភានោះ មិនមានការហាមឃាត់លើជាតិសាសន៍ណាឡើយ៕
អត្ថបទ៖នាង សុភាវុធ