យោងតាមទិន្នន័យពីរដ្ឋាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងហោច ៦០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានសម្លាប់ដោយសារជំងឺអេបូឡា ខណៈករណីឆ្លងបានបញ្ជាក់ កើនឡើងដល់ ១.៧៥៩នាក់ ។
ចំនួនសរុបដែលបានបញ្ចេញកាលពីថ្ងៃពុធនេះ ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ ខណៈករណីឆ្លងថ្មី ៥១នាក់ និងករណីស្លាប់ថ្មី ២០នាក់ ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ។
របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ករណីឆ្លងទាំងនេះ ពុំបានរាប់បញ្ចូល ២ករណីរបស់អ្នកជំងឺដែលត្រូវបានរាយការណ៍នៅទីក្រុង Kisanganiនោះទេ ដែលជារដ្ឋធានីរបស់ខេត្ត Tshopo និងស្ថិតក្នុងចំណោមទីក្រុងធំៗបំផុតរបស់កុងហ្គោ ពេលដែលលទ្ធផលធ្វើតេស្ត ត្រូវបានផ្ទៀងផ្ទាត់ ។
១ករណីមានការជាប់ពាក់ព័ន្ធនឹងភូមិ Nia-Nia ស្ថិតក្នុងខេត្ត Ituri ជាទីដែលករណីជំងឺលើកដំបូង ត្រូវបានរាយការណ៍ ប៉ុន្តែករណីទី ២ ទំនងជាមិនមានការជាប់ពាក់ព័ន្ធនឹងភូមិសាស្រ្ត ហួសពីទីក្រុង Kisangani នោះទេ ។
ស្របពេលដែលស្ថានភាពកាន់តែលំបាកខ្លាំង ក្រុមការងារថែទំាសុខភាពនៅខេត្ត Ituri ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមតំបន់ទាំង ៣ នៅភាគខាងកើតកុងហ្គោ ដោយសាររីករាលដាលឆ្លងជំងឺអេបូឡា លែងធ្វើការងារទៀត ដើម្បីតវ៉ាប្រឆាំងនឹងការពន្យាពេលបើកប្រាក់បៀវត្សរ៍ ៕

