រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦)នេះ បានបដិសេធការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានលើកឡើងថា អ៊ីស្រាអែលនឹងដកទ័ពចេញពីលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ រវាងទីក្រុង Tel Aviv និងទីក្រុងបេរូត ដោយបញ្ជាក់ថា អ៊ីស្រាអែល «មិនចាំបាច់ត្រូវការការអនុញ្ញាត ដើម្បីបន្តនៅក្នុងប្រទេសលីបង់» នោះទេ។ នេះបើយោងតាមសារព័ត៌មានចុះផ្សាយប្រចាំថ្ងៃរបស់អ៊ីស្រាអែល គឺ Yedioth Ahronoth។

លោក Katz បាននិយាយថា៖ «យើងមិនបានសុំការអនុញ្ញាតពីភាគីណាមួយ ដើម្បីចូលទៅក្នុងប្រទេសលីបង់ឡើយ ហើយយើងមិនចាំបាច់ត្រូវការការអនុញ្ញាត ដើម្បីបន្តនៅក្នុងប្រទេសលីបង់នោះទេ»។
លោកបានបន្ថែមថា៖ «ដូចដែលខ្ញុំ និងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់លាស់អ៊ីចឹង យើងនឹងបន្តវត្តមាននៅក្នុងតំបន់សន្តិសុខ ក្នុងប្រទេសលីបង់ ហើយធ្វើប្រតិបត្តិការពីតំបន់នោះឱ្យបានយូរតាមដែលចាំបាច់ រហូតដល់ក្រុមហេសបូឡាត្រូវបានរំសាយអាវុធ» ។
ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតឡើងបន្ទាប់ពីលោក Trump ត្រូវបានសួរកាលពីថ្ងៃពុធនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងទីក្រុង Ankara ប្រទេសទួរគី អំពីថា តើលោកជឿថាអ៊ីស្រាអែលគួរតែដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ដែរ ឬយ៉ាងណា។
នាពេលនោះ លោក Trump បាននិយាយថា បន្ទាប់ពីបានជជែកជាមួយលោក Netanyahu លោកជឿថា អ៊ីស្រាអែលចង់ដកទ័ពចេញ។ លោកក៏បានលើកឡើងផងដែរថា អ៊ីស្រាអែល និងលីបង់ កំពុងធ្វើការជាមួយគ្នាយ៉ាងល្អ ហើយនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលើកដំបូង៕
