រុស្ស៊ីបានដាក់ចេញបំរាមលើការនាំចេញប្រេងម៉ាស៊ូត ជាផ្នែកមួយនៃវិធានការគាំទ្រទីផ្សារប្រេងក្នុងស្រុក ក្រោយការវាយប្រហារយានដ្រូនជាប្រព័ន្ធរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេង បង្កឲ្យមានកង្វះខាតប្រេងធ្ងន់ធ្ងរ ហើយនិងតម្លៃប្រេងហក់ឡើងខ្ពស់នៅតាមតំបន់មួយចំនួន ។
អ្នកបើកបរនៅតាមតំបន់ជាច្រើន ប្រឈមនឹងការតម្រង់ជួរច្រើនម៉ោង ដើម្បីចាក់ប្រេងរថយន្តរបស់ពួកគេ ស្របពេលដែលការវាយប្រហារកើនឡើងរបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី បានរឹតត្បិតការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូត ។
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយប្រាប់ជំនួបរដ្ឋាភិបាលតាមកញ្ចក់ទូរទស្សន៍ថា ស្ថានភាពប្រេងនៅតែស្មុគស្មាញ ហើយច្បាស់ណាស់ថា ស្ថានភាពបច្ចុប្បន្ននៅតាមស្ថានីយប្រេង បង្កក្តីបារម្ភនៅក្នុងចំណោមសាធារណជន ។
រដ្ឋាភិបាលរុស្ស៊ីនិយាយថា បំរាមនេះដែលរួមទាំងលើក្រុមហ៊ុនផលិតប្រេង នឹងចូលជាធរមានរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ៕

