អ្នកវិភាគការពារជាតិ និងសន្តិសុខអាល្លឺម៉ង់លោក Christian Moelling និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធបាញ់ស្កាត់មីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ពោលគឺកិច្ចចរចាសំខាន់ចាំបាច់ជាច្រើនទៀត រវាងឧស្សាហកម្មសហរដ្ឋអាមេរិក និងឧស្សាហកម្មអ៊ុយក្រែន នៅត្រូវការបន្ថែមទៀត ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ជាការជំរុញដ៏ធំមួយសម្រាប់ទីក្រុងគីវ ដែលបានស្វែងរកការអនុញ្ញាតជាយូរមកហើយ ក្នុងការផលិតអាវុធការពារខ្លួនប្រភេទនេះ ។
លោក Trump ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ាថា ពួកយើងនឹងផ្តល់អាជ្ញាប័ណ្ណដល់អ្នក ដើម្បីផលិតប្រព័ន្ធបាញ់ស្កាត់មីស៊ីល Patriots ។
លោក Moelling គឺជាប្រធានវិទ្យាស្ថានស្រាវជ្រាវ EDINA និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្វីដែលពួកយើងមានបច្ចុប្បន្ន គ្រាន់តែជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលល្បីល្បាញណាស់សម្រាប់សេចក្តីថ្លែងការណ៍របស់លោក ប៉ុន្តែបច្ចុប្បន្ន អ្នកត្រូវការមានកិច្ចចរចារវាងឧស្សាហកម្មសហរដ្ឋអាមេរិក និងឧស្សាហកម្មអ៊ុយក្រែន ជាទីដែលពួកគេត្រូវផលិតប្រព័ន្ធបាញ់ស្កាត់មីស៊ីល Patriot ។
លោកបន្តថា គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ថាតើប្រព័ន្ធបាញ់ស្កាត់មីស៊ីលណាមួយ នឹងត្រូវបញ្ជូនឲ្យទីក្រុងគីវ ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕