ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានអញ្ជើញជួបជា មួយនាយឧត្តមសេនីយ៍ មីន ឡោងឡាំង របស់ប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ មុនពេលសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសប្ដាហ៍ក្រោយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឋានៈដែលសម្តេចជាប្រធានអាស៊ាន ឆ្នាំនេះ។
គោលបំណងនៃកិច្ចជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនាយឧត្តមសេនីយ៍ មីន ឡោងឡាំង របស់ប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែប៉ុន្តែគេអាចយល់បានថា ជំនួបពិភាក្សានេះ អាចជាការពិនិត្យលើបច្ចុប្បន្នភាព និងការវិវត្ត នៃដំណោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ពិសេសគឺការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន និងក៏អាចមានការលើកឡើងពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។
នេះជាជំនួបលើកទីពីរ រវាងសម្ដេចតេជោ ហ៊ុន សែន និងនាយឧត្ដមសេនីយ៍ មីន អោងឡាំង តាម ប្រព័ន្ធវីដេអូ នៅក្នុងអំឡុងដើមឆ្នាំនេះ បន្ទាប់ពីសម្ដេចតេជោ បានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយវិបត្តិ របស់ប្រទេសមីយ៉ាន់ម៉ា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕ អត្ថបទ៖ មុត សុត