ប្រភពបីដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មាន Reuters ថាលោកប្រធានាធិបតី Vladimir Putin កំពុងបដិសេធការអំពាវនាវឱ្យចរចាសន្តិភាពជាមួយទីក្រុងគីវ ដោយការវាយប្រហារពីយានដ្រូនថ្មីៗនេះរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង និងកំពង់ផែរបស់រុស្ស៊ី បានពង្រឹងការតាំងចិត្តរបស់លោកក្នុងការបន្តប្រយុទ្ធសម្រាប់ពេលនេះ។

ប្រភពពីរដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក Putin ទំនងជានឹងពង្រីកជម្លោះកាន់តែធំ ដែលឥឡូវនេះចូលដល់ឆ្នាំទីប្រាំហើយ។ ម្នាក់ក្នុងចំណោមពួកគេ ដែលជួបប្រជុំជាប្រចាំជាមួយប្រធានាធិបតី បានពិពណ៌នាអំពីលទ្ធភាពខ្ពស់នៃការកើនឡើងជម្លោះក្នុងប៉ុន្មានខែខាងមុខ។

ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា លោក Putin ចង់ឱ្យសង្គ្រាមបញ្ចប់ ហើយដំណោះស្រាយមួយគឺ កាន់តែខិតជិតជាងអ្វីដែលមនុស្សដឹង។ លោក Trump បានមានជំនួបតាមទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំរុស្ស៊ី និងសមភាគីអ៊ុយក្រែនរបស់លោកគឺលោក Volodymyr Zelenskyy កាលពីសប្តាហ៍មុន។ លោកបានជួបលោក Zelenskyy នៅឯកិច្ចប្រជុំកំពូលណាតូកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាទីដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះ និយាយថា លោកទាំងពីរបានពិភាក្សាអំពីគំនិតដើម្បីនាំសន្តិភាពឱ្យកាន់តែខិតជិត។សេតវិមានពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

បុគ្គលម្នាក់ក្នុងចំណោមមនុស្សដែលដឹងអំពីការគិតរបស់លោក Putin បាននិយាយថា លោកបានខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រេចគោលបំណងសំខាន់នៃការដណ្តើមយកតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន ដែលការវាយរុលទៅមុខរបស់រុស្ស៊ីបានថយចុះនៅឆ្នាំនេះ។ ប្រភពដដែលនេះបាននិយាយថា លោក Putin ថ្មីៗនេះបានស្តីបន្ទោសក្រុមទីប្រឹក្សាដែលស្នើឱ្យមានការសម្របសម្រួលដោយផ្អែកលើបទឈប់បាញ់តាមបណ្តោយសមរភូមិបច្ចុប្បន្ន។ ប្រភពទីពីរបាននិយាយថា លោក Putin ជឿជាក់ថា រុស្ស៊ីនឹងដណ្តើមយកតំបន់ Donbas ក្នុងពេលឆាប់ៗនេះ។ប្រធានាធិបតីរុស្ស៊ីបានបដិសេធជាសាធារណៈចំពោះការអំពាវនាវរបស់លោក Zelenskyy ក្នុងខែមិថុនាសម្រាប់កិច្ចប្រជុំ និងបទឈប់បាញ់៕