ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទី៨របស់ខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ ដើម្បីជួយក្រុមជម្រើសជាតិបារាំងយកឈ្នះម៉ារ៉ុក និងកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល។
នៅវគ្គទី១ Mbappe បានទទួលបាល់ពិន័យ១១ម៉ែត្រ ក្រោយត្រូវខ្សែការពារ Noussair Mazraoui របស់ក្លិប Manchester United បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ ទោះជាយ៉ាងណា ការស៊ុតមិនបានល្អឡើយ មិនមានកម្លាំងគ្រប់គ្រាន់ និងត្រូវអ្នកចាំទី Yassine Bounou សង្គ្រោះបានដោយមិនពិបាក។
យ៉ាងណាមិញ នៅនាទីទី៦០ Mbappe បានលុបលាងកំហុសរបស់ខ្លួនវិញដោយការស៊ុតបាល់កោងយ៉ាងស្រស់ស្អាតពីខាងក្រៅប្រអប់គ្រោះថ្នាក់ បើកការនាំមុខឱ្យក្រុមបារាំង។
ត្រឹម៦នាទីបន្ទាប់ ម្ចាស់ពាន Ballon d'Or, Ousmane Dembele បានបន្ថែមគ្រាប់ទី២ ឱ្យបារាំងឈ្នះ ២-០។
គ្រាប់បាល់របស់ Mbappe បានធ្វើឱ្យរូបគេមានគ្រាប់បាល់សរុប ៨ គ្រាប់ ស្មើនឹង Lionel Messi នៅក្នុងការប្រកួត World Cup លើកនេះ។ ប៉ុន្តែ Mbappe កំពុងឈរនាំមុខក្នុងការប្រជែងពាន Golden Boot ដោយសារមានចំនួនប៉ះបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាង។
ជាមួយគ្នានេះ Mbappe និង Messi ក៏កំពុងប្រជែងគ្នាដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ។ ខ្សែប្រយុទ្ធបារាំងវ័យ ២៧ ឆ្នាំ រកបានសរុប ២០ គ្រាប់ ខណៈ Messi វ័យ ៣៩ ឆ្នាំ កំពុងកាន់កំណត់ត្រា ២១ គ្រាប់។
ក្រុមជម្រើសជាតិបារាំង ដែលធ្លាប់ឈ្នះពាន World Cup ចំនួន ២ លើក និងធ្លាប់ចាញ់អាហ្សង់ទីនដោយបាល់កាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នឹងត្រូវជួបអ្នកឈ្នះរវាងអេស្ប៉ាញ និងបែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅទីក្រុង Dallas៕ អត្ថបទ៖នាង សុភាវុធ








