សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងថា សម្តេចនៅតែគិតថា ខេត្តព្រះវិហារផ្សាភ្ជាប់ជាមួយខេត្តឦសានទិស នឹងក្លាយជាចង្កោមនៃប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស។ សម្តេច ណែនាំ និងជំរុញដល់ខេត្តព្រះវិហារ ខិតខំបង្កលក្ខណៈ បង្កើនបរិយាកាសទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃ ខណៈដែលខេត្តមានសក្កានុពលច្រើន នឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។

ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា យ៉ាងដូច្ចេះដល់ថ្នាក់ដឹកនាំក្នុងខេត្តព្រះវិហារ ក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខត្តព្រះវិហារ ប្រមាណជាង៨០០នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្តេចប្រធានព្រឹទ្ធសភា មានលើកឡើងថា សម្រាប់ខេត្តព្រះវិហារ យោងតាមរបាយការណ៍របស់អភិបាលខេត្ត មានបណ្តាក្រុមហ៊ុនមួយចំនួនបានវិនិយោគនៅទីនេះ ហើយក្នុងនោះខេត្តក៏មានផ្ទៃដីដាំដុះស្វាយចន្ទី មានប្រមាណ៣ម៉ឺនហិចតា និងដំណាំកៅស៊ូ ជាង៣ម៉ឺនហិចតា រួមទាំងដំណាំកសិកម្មជាច្រើនទៀត។ បន្ថែមពីនេះខេត្តព្រះវិហារ មានសក្កានុពលច្រើន ដូចជារ៉ែមាស និងប្រភេទរ៉ែផ្សេងៗទៀតជាដើម ដែលនឹងអាចជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។ ដូច្ចេះសម្តេចនៅតែគិតថា ឦសានទិស (ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង) បូករួមជាមួយខេត្តព្រះវិហារ អោយទៅជាចង្កោមមួយនៃប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស ផ្អែកលើកសិ-ឧស្សាហកម្ម និងធនធានរ៉េ ដែលអាចជួយអោយកម្ពុជាសម្រេចគោលដៅ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ មានប្រសាសន៍បន្តថា បើយោងលើស្ថានភាពនៃការលូតលាស់ក្នុងប្រទេសសព្វថ្ងៃនេះ តាមរយៈរបាយការណ៍ក្រសួងកសិកម្ម ផ្ទៃដីដាំដុះសម្រាប់ទទួលផលលើវិស័យកសិកម្ម មានប្រមាណ១លាន២សែនហិចតា ក្នុងនោះកៅស៊ូជាង៥០ម៉ឺនហិចតា ដំណាំស្វាយចន្ទីជាង៦០ម៉ឺនហិចតា បូកនឹងដំណាំផ្សេងៗទៀតមានច្រើនម៉ឺនហិចតាទៀត។ និយាយដាច់ឡែកសម្រាប់ខេត្តព្រះវិហារ សម្តេចតេជោណែនាំថា ដំណាំកសិ-ឧស្សាហកម្មជាចំណុចស្នូលដែលត្រូវជំរុញ ខេត្តត្រូវខិតខំទាក់ទាញអ្នកវិនិយោគមកទីនេះ ដើម្បីកែច្នៃនូវអ្វីដែលយើងមាន ដូចជាជ័រកៅស៊ូ និងស្វាយចន្ទីជាដើម ខិតខំបង្កបរិយាកាសទាក់ទាញវិនិយោគបន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា ជាខេត្តដែលមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្ម ក្នុងនោះផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១០ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។ ក្រៅពីនេះ ខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និង កៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។ ក្រៅពីដំណាំកសិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចឹមសត្វផងដែរ។ ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗដូចជា រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន, អាជ្ញាបណ្ណអណ្តូងរ៉ែបើក និង ការដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន៕ អត្ថបទ៖ ពៅរក្សា/រូបភាព៖វណ្ណារិទ្ធ





