កីឡាករខ្សែការពារ Jarell Quansah របស់ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវអវត្តមានចំនួន ២ ប្រកួត បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតដែលអង់គ្លេសយកឈ្នះម៉ិកស៊ិក ៣-២។
Quansah ត្រូវបានបណ្តេញចេញពីទីលាននៅនាទីទី៥៤ ក្រោយបង្កកំហុសលើកីឡាករម៉ិកស៊ិក Jesus Gallardo។ FIFA បានចាត់ទុកកំហុសនេះថាជា ការប្រព្រឹត្តកំហុសធ្ងន់ធ្ងរ (Serious Foul Play) ដូច្នេះគណៈកម្មាធិការវិន័យបានបន្ថែមការព្យួរមួយប្រកួតលើការពិន័យស្វ័យប្រវត្តិមួយប្រកួត។
ខ្សែការពារវ័យ ២៣ ឆ្នាំ ដែលទើបផ្ទេរពី Liverpool ទៅ Bayer Leverkusen នឹងខកខានការប្រកួតវគ្គ៨ក្រុមចុងក្រោយទល់នឹងន័រវែសយប់នេះ ក៏ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើអង់គ្លេសឡើង ទៅជួបអាហ្សង់ទីន ឬស្វីស។ ទោះជាយ៉ាងណា ប្រសិនបើអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Quansah នឹងអាចត្រឡប់មកចូលលេងវិញបាន។
សមាគមបាល់ទាត់អង់គ្លេស (FA) ធ្លាប់ពិចារណាអំពីការប្តឹងឧទ្ធរណ៍លើការពិន័យនេះ ប៉ុន្តែតាមបទប្បញ្ញត្តិរបស់ការប្រកួត មិនមាននីតិវិធីអនុញ្ញាតឱ្យប្តឹងជំទាស់នោះទេ។
ការអវត្តមានរបស់ Quansah ក៏ធ្វើឱ្យគ្រូបង្វឹក Thomas Tuchel ប្រឈមការលំបាកក្នុងការរៀបចំតំបន់ខ្សែការពារស្តាំផងដែរ។ Quansah បានចូលជំនួសតំណែងនេះក្នុងការប្រកួតជាមួយម៉ិកស៊ិក ខណៈ Reece James កំពុងរងរបួសសរសៃពួរខាងក្រោយ ហើយ Djed Spence បានចូលលេងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ដោយសារបញ្ហាកាយសម្បទាបន្តិចបន្តួច។
ទោះជាយ៉ាងណា លោក Tuchel បានបញ្ជាក់ថា James ត្រូវបានរំពឹងថានឹងមានសមត្ថភាពចូលលេងវិញសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជាមួយន័រវែស បន្ទាប់ពីខកខានការប្រកួតពីរលើកចុងក្រោយ ដោយសាររបួសដែលទទួលបានពេលប្រកួតវគ្គចែកពូលទល់នឹងហ្គាណា៕ អត្ថបទ៖នាង សុភាវុធ



