អនុប្រធានទី១ CDC ថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នា រវាងរដ្ឋនិងវិស័យឯកជន ក្នុងឆន្ទៈរួមគ្នាពួតដៃកសាង គ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធាន ការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផល ផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យ ទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែង ពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន ដែល កាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពរឹងមាំ និងជោគជ័យ ទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នា ពួតដៃកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០” ជាប្រទេសមានចំណូលខ្ពស់។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអនុប្រធានក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន (គ.ស.រ.ជ.) លើកឡើងថា ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ មានការប្រកួតប្រជែង និងការវិនិយោគខុសៗគ្នា ហើយនៅចុងក្រោយនេះ នៅពេលសេដ្ឋកិច្ចវិវឌ្ឍន៍ និងជួបបញ្ហាច្រើនបែបនេះ ការដោះស្រាយបញ្ហាត្រូវតែមានការវិវឌ្ឍន៍លឿនជាងមុន និងទាមទារឱ្យវិស័យរដ្ឋនិងផ្នែកឯកជនសហការគ្នាឱ្យបានច្រើន ដើម្បីដើរឱ្យទាន់បរិបទនេះ ហើយមានលក្ខណៈប្រកួតប្រជែងខ្ពស់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលវិស័យឯកជន លើកឡើង ផងដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា ជំរុញការកែទម្រង់ និងបង្កើតឱកាស សេដ្ឋកិច្ចថ្មីៗ។ វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យយន្តការនេះកាន់តែមានប្រសិទ្ធភាព តម្លាភាព និងផ្តោតលើលទ្ធផលជាក់ស្តែង ក្នុងនោះអ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យសមាគមធុរកិច្ចជាតិ និងអន្តរជាតិទាំងអស់ ប្រើប្រាស់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី








