ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានរបៀបវារៈចំនួន ៥រួមមាន៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០១រូប។
២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៤- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។
៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។






