ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី កំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំ នៅទីតាំងផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។
ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនផ្ទាល់ពី ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចូលរួមសហការអនុវត្ត និងបានបង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺជាស្ថាប័នទី១៤ ដែលគណៈកម្មការ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី។ ការធ្វើជំរឿនមន្ត្រីរាជការនាពេលនេះ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រី ដែលកំពុងបម្រើការងារពិតប្រាកដ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕





