ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងនឹងពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» និងពង្រីកតួនាទីរបស់ទីភ្នាក់ងារចារកម្មយោធារបស់ខ្លួន ដែលផ្តោតលើកូរ៉េខាងត្បូង។
ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មយ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរ នៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ដោយសារជម្លោះឆ្នាំ ១៩៥០-៥៣របស់ពួកគេ បានបញ្ចប់ដោយគ្មានសន្ធិសញ្ញាសន្តិភាព។

ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើផ្សះផ្សា
របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដោយចាត់ទុកទីក្រុងសេអ៊ូលថា ជាគូប្រជែង «ដ៏គ្រោះថ្នាក់បំផុត» របស់ខ្លួន និងប្រកាសខ្លួនឯងថា ជារដ្ឋមួយដែលមានកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់។
បញ្ហាទាំងនេះ ត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំដ៏ទូលំទូលាយមួយរបស់គណៈកម្មការយោធាមជ្ឈិមរបស់គណបក្សដែលកំពុងកាន់អំណាច នាថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA របស់ទីក្រុងព្យុងយ៉ាង៕
