ប្រធានាធិបតីជាប់ឆ្នោតប៉េរូលោកស្រី Keiko Fujimori និយាយថា លោកស្រីនឹងធ្វើការស្តាឡើងវិញទំនាក់ទំនងរវាងប្រទេសរបស់លោកស្រី និងប្រទេសម៉ិកស៊ិក ក្រោយជម្លោះការទូត ។

កាលពីឆ្នាំ ២០២៥ ប៉េរូ បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក ពាក់ព័ន្ធនឹងការផ្តល់សិទ្ធិជ្រកកោនដល់លោកស្រី Betssy Chavez ដែលជានាយករដ្ឋមន្រ្តីទម្លាក់ចេញពីតំណែងចុងក្រោយរបស់ប៉េរូ ហើយបច្ចុប្បន្នលោកអតីតប្រធានាធិបតីជាប់ពន្ធនាគារ Pedro Castillo ។
ជម្លោះមួយនេះ ស្ថិតក្នុងចំណោមជម្លោះចុងក្រោយជាបន្តបន្ទាប់រវាងម៉ិកស៊ិក និងប៉េរូ ។ ទំនាក់ទំនងប្រទេសទាំង ២ បានតានតឹងឡើងចាប់តាំងពីម៉ិកស៊ិក ផ្តល់សិទ្ធិជ្រកកោនដល់ភរិយា និងកូនៗរបស់លោក Castillo បន្ទាប់ពីការចាប់ខ្លួនលោក ។

តុលាការប៉េរូ បានកាត់ទោសលោកអតីតប្រធានាធិបតីឆ្វេងនិយម Pedro Castillo ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកន្លះ សម្រាប់ការបះបោរ និងការឃុតឃិតប្រឆាំងរដ្ឋកាលពីដំណាច់ឆ្នាំ ២០២២ ពេលដែលរូបលោកប៉ុនប៉ងរំលាយសភាពុំបានសម្រេច ដើម្បីក្តោបក្តាប់អំណាចកាន់តែខ្លាំងជាងមុន ។
លោកស្រី Fujimori ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ និយាយផងដែរថា លោកស្រីអាចអនុម័តក្រឹត្យគ្រាអាសន្ន ដើម្បីអនុវត្តការងារបង្ការប្រឆាំងនឹងបាតុភូតអាកាសធាតុអែល នីញ៉ូ ដែលកំពុងធ្វើឲ្យប៉ះពាល់រួចទៅហើយដល់វិស័យកសិកម្ម និងការនេសាទត្រីនៅក្នុងប្រទេសមួយនេះ ។
ក្រោយធ្វើដំណើរទៅកាន់កន្លែងការងាបង្ការនៅច្រាំងទន្លេ Rimac ជាមួយអភិបាលក្រុង Lima លោកស្រី Fujimori និយាយថា លោកស្រីនឹងរៀបចំជំនួយសម្រាប់ប្រជាកសិករ ដែលស្ថិតក្នុងចំណោមជនរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារបាតុភូតអែល នីញ៉ូ នៅក្នុងប្រទេសប៉េរូ ៕