កំពង់ស្ពឺ ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយអនុវត្តស្មារតីបេះដូងមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់ស្របតាមតួនាទីភារកិច្ចស្នូលគឺ “បង្ការ បង្ក្រាប និងសង្គ្រោះ” នាយទាហាន នាយទាហានរង និងពលទាហាននៃមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិ ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបាន តាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង ហើយពេលនេះគឺជាលើកទី៣ហើយ ដែលនាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារមជ្ឍមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបានកោតសរសើរដល់មេបញ្ជាការរង នាយសេនាធិការរងប្រធាន-អនុប្រធាន នាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧ កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ មេបញ្ជាការ-រង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ ព្រមទាំងប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៌បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះផងដែរ។
សូមបញ្ចាក់ថា ក្នុងរយៈពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារជាតំណាងធ្វើការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីទទួលបានឈាម ក្នុងការអន្តរាគមន៍ជួយសង្រ្គោះដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ហើយត្រូវការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយក្នុងការព្យាបាលជំងឺ៕
















