ការិយាល័យប្រធានាធិបតីបារាំង នៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ បានឱ្យដឹងថា ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte និងលោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមកិច្ចប្រជុំ «សម្ព័ន្ធឆន្ទៈរួម» នាថ្ងៃចន្ទសប្ដាហ៍ក្រោយ នៅទីក្រុងប៉ារីស ជាការជួបជុំ ដើម្បីបង្ហាញការគាំទ្រអ៊ុយក្រែន។
ការជួបជុំនេះនឹងមានគោលបំណងបង្កើតសន្ទុះ ដើម្បីជួយអ៊ុយក្រែន បន្ទាប់ពីមានកិច្ចប្រជុំកំពូលអង្គការណាតូ កាលពីដើមសប្តាហ៍នេះ។ វិមាន Elysee បានឱ្យដឹងថា ការរៀបចំផែនការនៅតែដំណើរការ សម្រាប់ការធានាសន្តិសុខ នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់ រវាងអ៊ុយក្រែន និងរុស្ស៊ី។
លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញជំហរអំណោយផលជាងមុន ចំពោះទីក្រុងគីវក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលថ្មីៗនេះរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) និងអង្គការណាតូ។
វិមាន Elysee បានឱ្យដឹងទៀតថា ប្រទេស ២ ទៀត គឺម៉ុលដាវី និងម៉ាសេដូនីខាងជើង បានចូលរួមជាមួយសម្ព័ន្ធនេះ។ បើការិយាល័យរបស់ប្រធានាធិបតីបារាំងនេះ បានបន្ថែមថា មេដឹកនាំសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Antonio Costa ក៏នឹងចូលរួមកិច្ចប្រជុំនៅថ្ងៃចន្ទនោះផងដែរ៕