កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះ ចំពោះអ្វីដែលខ្លួនហៅថា ការពង្រឹងប្លុកយោធា និងការពន្លឿនការបង្កើនអាវុធ បន្ទាប់ពីកិច្ចមានកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នាសប្តាហ៍នេះ។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក្រសួងការបរទេសបានលើកឡើងថា ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថ្នាក់ដឹកនាំរបស់អង្គការណាតូថា បានពណ៌នាអំពីការអនុវត្តសិទ្ធិអធិបតេយ្យភាពស្របច្បាប់របស់កូរ៉េខាងជើងថា ជាការគំរាមកំហែង។
ក្រសួងបានបញ្ជាក់ថា សម្ព័ន្ធភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗ ចំពោះការប្រឈមមុខដាក់គ្នា រវាងប្លុក និងប្លុក តាមរយៈការបង្កើនការចំណាយលើអាវុធ និងកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសទួរគី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ មន្ត្រីបានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់យោធា និងឧស្សាហកម្មជាង ៥០ពាន់លានដុល្លារ ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបប្រឈមនឹងសម្ពាធជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យទទួលបន្ទុកការពារជាតិរបស់សម្ព័ន្ធមិត្តកាន់តែច្រើនជាងមុន។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រសួងបានបន្ថែមថា ទីក្រុងព្យុងយ៉ាង ដែលនិយាយថា ការជំរុញដោយលោកខាងលិចឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ត្រូវបានបញ្ចប់ដោយមិនអាចត្រឡប់បាននោះ ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ គួរតែផ្តោតជាចម្បងលើអ្វីដែលខ្លួនពិពណ៌នាថា ជាការប៉ុនប៉ងរបស់កូរ៉េខាងត្បូង និងជប៉ុន ក្នុងការប្រឹងប្រែងស្វែងរកអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្រោមការការពាររបស់សហរដ្ឋអាមេរិក ក៏ដូចជាមហិច្ឆតានុយក្លេអ៊ែររបស់សមាជិកអង្គការណាតូ ដែលចូលរួមក្នុងការរៀបចំចែករំលែកអាវុធនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្ត៕

