ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះស្វីស ៣ទល់នឹង១ ដោយគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Julián Álvarez និងកីឡាករ Lautaro Martínezក្នុងម៉ោងបន្ថែម ព្រឹកថ្ងៃទី១២ ខែកក្កដានេះនៅសហរដ្ឋអាមេរិក។
លទ្ធផលនេះធ្វើឱ្យម្ចាស់ជើងឯកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក ២០២៦ ។
ដំណើរការប្រកួតវគ្គទី១ មិនដល់១០នាទីផង ក្រុមអាហ្សង់ទីនបើកការនាំមុខមុននៅពេលដែលកីឡាករ ខ្សែបម្រើ Alexis Mac Allister តែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោមការជ្រោមជ្រែងបញ្ជូនបាល់យ៉ាងច្បាស់ពីកីឡាករ Lionel Messi។
ទោះបីជាយ៉ាងណាក្ដីក្នុងវគ្គទី២ ក្រុមជម្រើសជាតិស្វីសបានវាយបក និងរកគ្រាប់បាល់តាមស្មើវិញ បន្ទាប់ពីកីឡាករ Dan Ndoye ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៦៧។
ស្ថានការណ៍ប្រកួតមានការប្រែប្រួលសម្រាប់ស្វីសចាប់ពីនាទីទី៧២ នៅពេលដែលខ្សែប្រយុទ្ធ Breel Embolo ទទួលបានកាតលឿងទីពីរ (ស្មើកាតក្រហម) ត្រូវបណ្តេញចេញពីទីលាន ដែលបង្ខំឱ្យក្រុមស្វីសត្រូវលេងសល់សមាជិកតែ ១០ នាក់ប៉ុណ្ណោះក្នុងការទប់ទល់ជាមួយអាហ្សង់ទីន។
ដោយពង្រឹងប្រពន្ធការពារទប់ទល់នឹងការវាយសម្រុករបស់អាហ្សង់ទីន ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់១។ នៅនាទីទី១១២ ក្នុងម៉ោងបន្ថែម កីឡាករ Julián Álvarez បានទាត់បញ្ចូលទីយ៉ាងអស្ចារ្យឱ្យអាហ្សង់ទីន មុនពេលកីឡាករ Lautaro Martínez បន្ថែមគ្រាប់ទី៣នៅចុងម៉ោង ។
លទ្ធផលនេះនេះធ្វើឱ្យអាហ្សង់ទីនឡើងទៅជួបអង់គ្លេសនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ៕









