លោកជំទាវអភិបាលខេត្តកោះកុង ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ទុក ពិធីបុណ្យពូនភ្នំទុរេន នៅស្រុកថ្មបាំង ជាកម្លាំងសាមគ្គីក្នុងមូលដ្ឋានរវាងប្រជាកសិករ និងកសិករ ពិសេសជាការផ្សព្វផ្សាយលើកស្ទួយទិន្នផលកសិកម្មផងដែរ។

ការប្រកាសបែបនេះរបស់ លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុងពិធីបុណ្យពូនភ្នំទុរេនលើកទី២ នៅក្នុង ស្រុកថ្មបាំង ដោយមានអ្នកទេសចរ និងពលរដ្ឋជាច្រើនបានចូលរួមទស្សនា តាមរយៈធ្វើពិធីសាសនា និងសាករសជាតិទុរេន។
លោកជំទាវអភិបាលខេត្តកោះកុង បានរំលេចថា ស្រុកថ្មបាំង សក្តានុពលទេសចរណ៍ និងសណ្ឋានដីមានជីវជាតិ សមស្របសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ទេសចរណ៍។ ដំណាំសាវម៉ាវ មង្ឃុត ល្ហុង ចេក កៅស៊ូ និងជាពិសេស ទុរេន បានក្លាយជាដំណាំដ៏មានតម្លៃ ទទួលបានការទទួលស្គាល់ពីគុណភាព និងរសជាតិ ព្រមទាំងមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
លោកជំទាវ ឈី វ៉ា យល់ឃើញថា ការរៀបចំពិធីបុណ្យពូនភ្នំទុរេននេះ ជាចំណែកមួយបង្ហាញពីសាមគ្គីភាពរបស់ប្រជាកសិករពេលប្រមូលផល ហើយបានបរិច្ចាមកធ្វើបុណ្យ និងបង្កើការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងមូលដ្ឋានកាន់តែច្រើន។

លោកស្រី ទួត ហ្វាទីម៉ា អភិបាលស្រុកថ្មបាំង លើកឡើងថា ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ក៏ធ្វើឡើងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនឱ្យកាន់តែល្បីល្បាញ ផ្ដល់ឱកាសដល់កសិករ និង អាជីវករ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្ត និងបានភ្លក់រស់ជាតិទុរេននៅតំបន់ថ្មបាំង ហើយឈ្វេងយល់អំពីសក្តានុពលទេសចរណ៍ និងកសិកម្មក្នុងស្រុក។
លោកស្រីអភិបាលស្រុកថ្មបាំង បង្ហាញថា ទិន្នផលទុរេនដែលបានមកពីការឧបត្ថម្ភរបស់ប្រជាកសិករ និងសប្បុរសជន សម្រាប់រៀបចំក្នុងពិធីបុណ្យពូនភ្នំទុរេន យកមកធ្វើបាយដំណើបទុរេន និងសម្រាប់ភ្ញៀវទេសចរភ្លក់ ក្រោយពេលចប់កម្មវិធី និងយកទៅឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ។
គួរបញ្ជាក់ថា ពិធីបុណ្យពូនភ្នំទុរេន ត្រូវបានភ្ញៀវទេសចរក្នុងស្រុក និងប្រជាពលរដ្ឋ គាំទ្រពេញទំហឹង ដោយបានចូលរួមឧបត្ថម្ភជាផ្លែទុរេន និងផ្លែឈើផ្សេងៗ ព្រមទាំងភ្លក់រសជាតិផ្លែឈើចម្រុះដាក់បានដាក់តាំងបង្ហាញ។ ស្រុកថ្មបាំងជាស្រុកមួយសំបូរទៅដោយតំបន់អេកូទេសធម្មជាតិច្រើនដូចជា៖ ទឹកជ្រោះ ការបោះតង់ ជិះទូកតាមដងព្រែក មើលសត្វព្រៃ និងទិន្នផលកសិកម្មយ៉ាងសំបូរបែប៕ អត្តបទ៖ ឈឹម មករា










