(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា បានធ្វើឱ្យទីផ្សារដោះដូរកីឡាករនៅកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានប្រកាសនាំចូលជាផ្លូវការនូវកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិហូឡង់ Silvester van der Water ដើម្បីមកពង្រឹងក្រុមត្រៀមប្រកួតប្រជែងពានរង្វាន់នៅលើឆាកអន្តរជាតិ។
ក្លឹបបានបញ្ជាក់ថាកីឡាករ វ័យ ២៩ ឆ្នាំរូបនេះ នឹងក្លាយជាកម្លាំងស្នូលសម្រាប់តែពីរព្រឹត្តិការណ៍ធំៗប៉ុណ្ណោះ គឺពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី២ AFC Champions League Two និងពានរង្វាន់តំបន់អាស៊ាន AFF ASEAN Club Championship (Shopee Cup)។
ក្នុងកិច្ចសម្ភាសន៍ កីឡាកររូបនេះបានបញ្ជាក់ថា ខ្លួនពិតជារីករាយមែនទែនដែលបានមកដល់ទឹកដីកម្ពុជា។ វាជាឱកាសល្អសម្រាប់ក្លឹបដែលលេងក្នុងលីគកម្រិតខ្ពស់នៅអាស៊ី ហើយនេះវាពិតជាខុសពីការលេងក្នុងលីគធម្មតា ព្រោះមានក្រុមខ្លាំងៗជាច្រើនមកពីសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀតត្រូវប្រកួតប្រជែង។ រូបគេមានគោលដៅតែមួយគត់ដែលមកទីនេះគឺដើម្បីក្លាយជាជើងឯក ដោយត្រូវឈ្នះ AFC Champion League Two ហើយក៏សង្ឃឹមដែរថានឹងរកគ្រាប់បាល់បានច្រើន និងបញ្ជួនបាល់ឱ្យមិត្តរួមក្រុម ហើយរូបគេពិតជាត្រូវការឈ្នះគ្រប់ការប្រកួត។
Silvester van der Water មិនមែនជាកីឡាករធម្មតានោះទេ ព្រោះរូបគេមានប្រវត្តិ និងបទពិសោធន៍ប្រកួតយ៉ាងជោគជាំនៅលើទីលានកម្រិតខ្ពស់ដូចជាធ្លាប់ប្រឡូកក្នុងលីគកំពូលហូឡង់ (Eredivisie)ដោយធ្លាប់បង្ហាញខ្លួនឱ្យក្លឹប Heracles Almelo និងធ្លាប់ប្រកួតទល់នឹងក្រុមធំៗមួយចំនួនរួមមាន Ajax និង PSV ផងដែរ។ កៅពីនេះគេក៏ធ្លាប់លេងឱ្យក្លឹប Cambuur, PEC Zwolle និង RKC Waalwijk នៅក្នុងស្រុកកំណើត។
ក្នុងលីគកំពូលសហរដ្ឋអាមេរិក (MLS) Silvester ធ្លាប់បានផ្លាស់ទៅលេងឱ្យក្លឹប Orlando City ដោយបង្ហាញខ្លួនបាន ៣២ ប្រកួត រកបាន ៣ គ្រាប់ និងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ U.S. Open Cup ។
ក្រៅពីនេះ មុនមកដល់កម្ពុជា រូបគេទើបតែបានបញ្ចប់ភារកិច្ចជាមួយក្លឹប Panionios F.C នៅក្នុងលីគប្រទេសក្រិក លេងបាន១៤ប្រកួត និងរកបាន២គ្រាប់។
ការមកដល់របស់សមាជិកថ្មីរូបនេះ ត្រូវបានអ្នកគាំទ្របាល់ទាត់ជាតិរំពឹងយ៉ាងមុតមាំថា នឹងជួយបង្កើនគុណភាពលេងរបស់ព្រះខ័នរាជស្វាយរៀង ឱ្យកាន់តែមុតស្រួចនៅលើឆាកអន្តរជាតិ និងនាំយកមោទនភាពមកជូនអ្នកគាំទ្រកម្ពុជាទាំងមូល៕




