ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី១ ឆ្នាំ២០២៦ ប្រចាំតំបន់អឺរ៉ុប ដែលប្រទេសប៊ុលហ្គារី បានទទួលធ្វើម្ចាស់ផ្ទះពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ដោយកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង ខណៈមានកីឡាករត្រឹម ៥នាក់ប៉ុណ្ណោះចូលរួម។
ជាមួយបេសកកម្មចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក្នុងចំណោមកីឡាករកម្ពុជា ដែលដឹកនាំដោយលោក សាលី អ៊ូមើត ទៅចូលរួម សុទ្ធតែដណ្ដើមមេដាយ ក្នុងនោះវីរៈកីឡាករ សាលី អ៊ូមើត ផ្ទាល់ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Pro Am Sport GP ខណៈសិស្សប្អូន កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ២, មុីន អូស្មាន់ ឈ្នះមេដាយមាស ១, ទៀត សាលេះ ឈ្នះមេដាយមាស១, និងកីឡាករ មីន មូសស្តាន់ ឈ្នះមេដាយប្រាក់ ១គ្រឿង។
តាមរយៈសារអេឡិចត្រូនិកពីប្រទេសប៊ុលហ្គារី លោក សាលី អ៊ូមើត បានសម្ដែងក្ដីរំភើប និងសប្បាយរីករាយ ដែលក្រុមម៉ូតូទឹកកម្ពុជា អាចរក្សាបាននូវភាពក្ដៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះ ។ លោកថា សមិទ្ធផលដែលក្រុមកីឡាករកម្ពុជាទទួលបាន ស្របទៅនឹងការរំពឹងទុក ទោះបីកម្ពុជាមានកីឡាករចូលរួមតិច តែកីឡាករម្នាក់ៗ បានខំប្រឹងអស់ពីសមត្ថភាព រហូតអាចសម្រេចសមិទ្ធផលដ៏ល្អប្រសើរជូនជាតិមាតុភូមិ។
ជាមួយព្រឹត្តិការណ៍ម៉ូតូទឹកដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមរៀបចំដោយសហរដ្ឋអាមេរិកនេះ ឆ្នាំ២០២៦ នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺនឹងមានរៀបចំការប្រកួត ៣ជុំ នៅ ៣ទ្វីបផ្សេងៗគ្នា ក្រោយនោះ ក្រោយបញ្ចប់ការប្រកួតជុំទី១ នៅទ្វីបអឺរ៉ុប ការប្រកួតជុំបន្ទាប់ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក នាខែតុលា ឆ្នាំ២០២៦ មុនបន្ដការប្រកួតជុំទី៣ ប្រចាំទ្វីបអាស៊ី នៅប្រទេសថៃ នាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលក្រុមម៉ូតូទឹិកកម្ពុជា ពិសេសវីរៈកីឡាករ សាលី អ៊ូមើត ប្ដេជ្ញាជម្នះឧបសគ្គចូលរួមឲ្យបានទាំង ៣ជុំ ដើម្បីដណ្ដើមពានរង្វាន់ ក៏ដូចជាមោទនភាពជូនជាតិ ពិសេសបង្ហាញពីស្មារតីដ៏រឹងមាំរបស់ក្រុមកីឡាកម្ពុជា ហើយបង្ហាញឲ្យពិភពលោកឃើញថា កម្ពុជានៅតែត្រូវការសន្ដិភាពជានិច្ច៕ អត្ថបទ លី ឈុនឡា











