រលកកម្តៅធ្ងន់ធ្ងរនិងយូរអង្វែង បានរួមរឹតគ្របដណ្ដប់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ដោយបានធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្លាំងនៅទូទាំងប្រទេស និងជំរុញឱ្យប្រជាជននៅទីក្រុងប៉ារីសស្វែងរកម្លប់ ប្រភពទឹក និងវិធីផ្សេងៗទៀតដើម្បីរក្សាភាពត្រជាក់។ អ្នកទេសចរនៅជុំវិញទីតាំងសំខាន់ៗ រួមទាំងនៅប៉ម Eiffel Tower បានជ្រកក្រោមឆ័ត្រ កាន់ដបទឹក និងសម្រាកនៅកន្លែងដែលមានម្លប់ ខណៈ សីតុណ្ហភាពកើនឡើងខ្លាំង។

ការិយាល័យឧតុនិយមបារាំង បាននិយាយថា រលកកម្តៅនៅតែធ្ងន់ធ្ងរនិងយូរអង្វែង ដោយសីតុណ្ហភាពឡើងដល់ចន្លោះពី៣៧ ទៅ៣៩ អង្សាសេ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នខ្ពស់បំផុតកាលពីរសៀលថ្ងៃអាទិត្យ និងឡើងដល់៤០អង្សាសេនៅកន្លែងមួយចំនួននៅភាគខាងលិចប្រទេសបារាំង។

ទីភ្នាក់ងារអាកាសធាតុជាតិ ក៏បានព្រមានអំពីយប់ក្តៅខ្លាំង ដោយនិយាយថា សីតុណ្ហភាពនៅក្នុងតំបន់ខ្លះនឹងនៅតែលើសពី២០អង្សាសេពេញមួយយប់ ដែលផ្តល់នូវភាពធូរស្រាលតិចតួចប៉ុណ្ណោះពីកម្តៅ។
អ្នកស្រុក បានប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដើម្បីរក្សាភាពត្រជាក់ រួមទាំងការដាក់ខ្នើយរបស់ពួកគេនៅក្នុងទូរទឹកកក ហើយយកវាចេញមុនពេលចូលសម្រាក។ ខណៈសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងថយចុះបន្តិចនៅក្នុងតំបន់មួយចំនួននៅភាគខាងលិចនៅថ្ងៃចន្ទនេះ ការិយាល័យឧតុនិយមនិយាយថា រលកកម្តៅនឹងនៅតែបន្ត ហើយអាចកាន់តែខ្លាំងឡើងជាថ្មីម្តងទៀតនៅប្រទេសបារាំងភាគកណ្តាល តំបន់ទីក្រុងប៉ារីស និងភាគនិរតីចាប់ពីថ្ងៃអង្គារ។ អ្នកព្យាករណ៍អាកាសធាតុ និយាយថា ហេតុការណ៍នេះត្រូវបានគេរំពឹងថានឹងបន្តយ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។