
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចែករំលែកបទពិសោធន៍ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្សសូមកុំវាយតម្លៃបង្អាប់កូនដោយប្រៀបធៀបជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារដល់ទឹកចិត្តកូនរបស់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសAក្នុងឆ្នាំសិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។
សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀបជាមួយកូនអ្នកដទៃជាជម្រើសមិនល្អទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវាយប្រហារដល់ទឹកចិត្តកូនខ្លួនឯងយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យគេបាក់ទឹកចិត្តទៅវិញទេ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹងការអប់រំកូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណមមួយក្នុងចំណោមតំណម នៃការដោះស្រាយបញ្ហាអារម្មណ៍របស់កូន។ បើដឹងថា កូនរបស់យើងរៀនខ្សោយយើងត្រូវរកវិធីដើម្បីឲ្យកូនយើងរៀន គឺកុំយកកូនអ្នកដទៃមកប្រៀបធៀបជាមួយកូនរបស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕